សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី សម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៅវត្តស្វាយពពែ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់ការបណ្តុះបណ្តាល ៤ កម្រិត ៖ ១.ថ្នាក់បរិញ្ញាបត្ររង, ២.ថ្នាក់បរិញ្ញាបត្រ, ៣.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ៤.ថ្នាក់បណ្ឌិត ។ សមណនិស្សិត និស្សិតកំពុងសិក្សាទាំង៤កម្រិត សរុបមានចំនួន ២ ៣៤៥ អង្គ/នាក់ ។
ឯកឧត្តម ចាយ បូរិន បានបន្តថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ៖ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់ ៥ ជាន់ មាន ៣០ បន្ទប់។ ចាក់បេតុងនិងក្រាលកៅស៊ូផ្លូវ ក្នុងបរិវេណសាកលវិទ្យាល័យទាំងមូល អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង ៣៦ម៉ែត្រ កម្ពស់៥ជាន់ ត្រូវនឹង៣០បន្ទប់ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅចំនួន១៨០នាក់។ អគារនេះ ត្រូវបានសាងសង់ឡើងប្រើរយៈពេល ១២ខែ ដោយបានប្រកាសសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះដែរ សម្តេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារមេត្តាសន្តិភាពខាងមុខ និងក្នុងបរិវេណវត្តស្វាយពពែផងដែរ ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្វផលដែលសម្ពោធនាថ្ងៃនេះ មិនត្រឹមជាមនុញ្ញផលកើតចេញពីសុខសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញឱ្យឃើញ នូវការសាមគ្គី និងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ។ សុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដែលនាំឱ្យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
សម្តេច ថា កត្តាសុខសន្តិភាព មិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍជាតិ ប៉ុណ្ណោះទេ, ប៉ុន្តែបានផ្តល់នូវកាលនុវត្តភាព និង លទ្ធភាពគ្រប់គ្រាន់ សម្រាប់សាសនិកគ្រប់សាសនា ក្នុងការរៀបចំសាសនពិធី និង សកម្មភាពសាសនារបស់ខ្លួន ។ វិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្ន មានការរីកចម្រើន ទាំងបរិមាណ និង គុណភាពគួរឱ្យកត់សម្គាល់ ។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា មនុញ្ញផលនេះ កើតចេញពីប្រទេសជាតិមានសុខសន្តិភាព និយាយជារួម និងនិយាយដោយឡែក កើតចេញពីសាមគ្គីភាព និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញកាតព្វកិច្ចយ៉ាងសកម្ម រយៈកាលកន្លងមក ក្នុងបុព្វហេតុបម្រើដល់វិស័យព្រះពុទ្ធសាសនា និងការជំរុញកិច្ចសន្ទនា អន្តរសាសនា ដើម្បីរក្សានូវសុខដុមនីយកម្មសាសនានៅទូទាំងប្រទេស ឱ្យមានភាពសុខដុមរមនា គួរជាទីមោទនៈ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ














