ត្រាំសម្រេចបន្តជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
បរទេស ៖ នៅថ្ងៃអាទិត្យនេះ លោក ប្រធានាធិបតី Donald Trump បានសម្រេចថា សហរដ្ឋអាមេរិកនឹងបន្តជួយចរចា បញ្ចប់សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក បានអះអាងថា សប្តាហ៍នេះជាពេលវេលាចុងក្រោយ ដែលលោក ត្រាំ ត្រូវសម្រេចថា គួរបន្ត ឬ មិនបន្ត ក្នុងការស្វែងរកសន្តិភាព ពិតប្រាកដ រវាងប្រទេសទាំងពីរ។
ជំហរ របស់ត្រាំ បែបនេះ ក៏កើតមានស្របពេលដែលលោក ប្រធានាធិបតីរុស្ស៊ី ពូទីន ទើបបានប្រកាស ចេញពីវិមានក្រឹមឡាំងថា លោកស្នើឲ្យមានជំនួបផ្ទាល់ រវាងអ៊ុយក្រែន និងរុស្ស៊ី នាសប្តាហ៍ក្រោយ ក្នុងប្រទេសតួកគី។
នៅលើវេទិកាសង្គម Truth Social លោក Trump និយាយថា «នឹងបន្តធ្វើការជាមួយ ទីក្រុង Kyiv, ទីក្រុង Moscow ដើម្បីបញ្ចប់ជម្លោះ»។ លោកបន្តថា «នឹងបន្តធ្វើការជាមួយភាគីទាំងពីរ តាមសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់កិច្ចចរចាដោយផ្ទាល់ ជាមួយទីក្រុងគៀវ និងការអំពាវនាវ ពីមេដឹកនាំអឺរ៉ុប ឱ្យឈប់បាញ់»។
លោក ត្រាំ បញ្ជាក់ថា «ថ្ងៃដ៏អស្ចារ្យមួយ សម្រាប់រុស្ស៊ី និងអ៊ុយក្រែន!» ប៉ុន្តែ មិនបានបញ្ជាក់អំពី ហេតុផលនៅពីក្រោយ ការសម្រេចចិត្តបន្ត នោះទេ។
លោក គ្រាន់តែរៀបរាប់ថា «សូមគិតអំពីជីវិត រាប់រយ រាប់ពាន់នាក់ ដែលនឹងត្រូវបន្ត ជាមួយនឹងការបង្ហូរឈាម ដែលមិនបញ្ចប់ ដោយសង្ឃឹមថា នឹងមកដល់ទីបញ្ចប់ … ខ្ញុំនឹងបន្តធ្វើការ ជាមួយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រាកដថា កិច្ចព្រមព្រៀង នឹងកើតឡើង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
