អបអរសាទរ ! កីឡាករចំបាប់កម្ពុជា យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship”
(ភ្នំពេញ)៖ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” នៅប្រទេសសិង្ហបុរី កីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ កីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍នេះ ក្នុងនោះមានកីឡាករ ៩រូប គឺកីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប មានកីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ ។
សូមបញ្ជាក់ថា ៖ ការចូលរួម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ របស់អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥នេះ ៕
ដោយ / គ្រី សម្បត្តិ

