Trump ថាបង្កើនពាណិជ្ជកម្មជាមួយឥណ្ឌា-ប៉ាគីស្ថាន ក្រោយព្រមឈប់បាញ់
បរទេស ៖ នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបង្កើនពាណិជ្ជកម្ម «យ៉ាងខ្លាំង» ជាមួយឥណ្ឌា និង ប៉ាគីស្ថាន ក្រោយពេលភាគីទាំងពីរ ព្រមឈប់បាញ់គ្នា។
តាមរយៈបណ្តាញសង្គម Truth Social ផ្លូវការ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «ខ្ញុំនឹងបង្កើនពាណិជ្ជកម្ម ជាខ្លាំង ជាមួយនឹងប្រជាជាតិដ៏អស្ចារ្យ ទាំងពីរនេះ»។
លោក Trump បានបង្ហោះបែបនេះ បន្ទាប់ពីគូប្រជែង ក្បែរខាងទាំងពីរ បានយល់ព្រមលើបទឈប់បាញ់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវ ជាច្រើនថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីបទឈប់បាញ់ ត្រូវបានប្រកាសមក ភាគីទាំងពីរ នៅតែចោទប្រកាន់គ្នា ជុំវិញការរំលោភបំពាន។
ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រម លើបទឈប់បាញ់ ចាប់ពីថ្ងៃអាទិត្យនេះ ក្រោយមានការសម្របសម្រួលពីអាមេរិក ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុប្រធានាធិបតីអាមេរិក បានជួបទាំងភាគីឥណ្ឌា និងប៉ាគីស្ថាន។ គួររម្លឹកថា ជម្លោះរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ ក្រោយការវាយប្រហារស្លាប់មនុស្ស ២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាសទៅលើប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសមនុស្សមួយចំនួនវិញ ដើម្បីទុកជាការសងសឹក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
