រុស្ស៊ីចង់ពង្រីកកិច្ចសហការយោធាជាមួយវៀតណាម
បរទេស ៖ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់អំពីផែនការ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការយោធា ជាមួយភាគីវៀតណាម។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងបែបនេះ ក្នុងពេលទទួលជួបសមភាគី វៀតណាម លោក Tô Lâm នៅវិមានក្រឹមឡាំង ស្របពេលដែលមេដឹកនាំវៀតណាមរូបនេះ ទៅចូលរួមបុណ្យជាតិ របស់រុស្ស៊ី។
អំឡុងការថ្លែងសុន្ទរកថា លោក ពូទីន បញ្ជាក់ថា ប្រទេសទាំងពីរមានផែនការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធា ដោយគោរពចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅ របស់សហភាពសូវៀត ជាមួយវៀតណាម ជាជំនួយយោធាដែលបានជួយ ប្រជាជាតិអាស៊ីអាគ្នេយ៍ មួយនេះ ក្នុងការប្រយុទ្ធជាមួយបារាំង និងសហរដ្ឋអាមេរិក។
បើតាមកាសែត VNexpress អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងប្រធានាធិបតីរុស្ស៊ី ក៏បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ នានា រវាងប្រជាជាតិទាំងពីរ បន្ទាប់ពីកិច្ចចរចារបស់ពួកលោក នៅទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត