ភ្លៀង ១មេធំជាង ៤ម៉ោង បង្កលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និង ផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតប្រទេសថៃ
(បន្ទាយមានជ័យ)៖ ភ្លៀងធ្លាក់ខ្លាំង១មេធំជាង៣ម៉ោង បង្កជាជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំអោយលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង ១:៣០រសៀល ដល់ម្តុំម៉ោង៤ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។
មន្ត្រីសាលាក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មានព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថា ៖ ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កអោយលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។ ក្នុងនោះ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារន: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ។ ទោះយ៉ាងណាវាមិនបង្កដល់ថ្នាក់លង់ទេ។
មន្ត្រីបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី(The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជំវិញ ដ្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។ កត្តាចម្បង ១ទៀតគឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។
បើតាមមន្ត្រីដដែល មកទល់ម៉ោងជាង៨ព្រឹក ថ្ងៃទី១១នេះ ទឹកស្រកបានប្រមាណ៨០ភាគរយហើយ។
អំណោយផល គឺមកពីភ្លៀងបានរាំង ហើយមន្ត្រីអាជ្ញាធរដែនដី កងកម្លាំង ផ្នែកឯកជនបានអន្តរាគមន៍។ ជាពិសេស បងប្អូនពលរដ្ឋបានចូលរួមសម្អាតសំណល់រឹងនៅមុខលូនិងមុខរីហ្គា។
លោកបន្តថា ជំនន់ទឹកភ្លៀងផ្លេកបន្ទោរផលលប៉ះពាល់ខ្លាំងលើម៉ូតូដែលឆ្លងកាតផ្លូវថ្នល់ដែលមានទឹកលិច ហើយនាព្រឹកថ្ងៃទី១១ខែឧសភានេះ នៅតាមជាងម៉ូតូ កំពុងមមាញឹកទទួលសម្អាតទឹកពីម៉ូតូដែលកកកុញនិងជួសជុលប្រព័ន្ធភ្លើង។
ត្រឹមយប់ថ្ងៃដដែលភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតតិចល្មម ។ ប៉ុន្តែ បន្ទាប់មក ជំនន់ទឹកភ្លៀងតាមផ្លូវមួយចំនួនក៏បានហូរស្រកបណ្តើរៗហើយ ក្រុមការងារចម្រុះមានមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាល អាវុធហត្ថ កងទ័ពនិងផ្នែកឯកជនក៏បានចុះសម្របសម្រួលចរាចរណ៍តាមផ្លូវ និងជួយរៀបចំសម្ភារៈរបស់បងប្អូនមួយចំនួនដែលមានទឹកហូរចូលផ្ទះផងដែរ។
ទន្ទឹមនឹងនោះ លោកគាត ហ៊ុល បានណែនាំថា សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គីសនី និងសត្វអសិរពិសជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។
ប្រភពមន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចផ្សេងទៀតប្រាប់ ដែរថា : ភ្លៀងធ្លាក់១មេធំនោះ ក៏កើតឡើងលើភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងនោះក៏លិចក្រុមផ្សាររោងក្លឿនាឃុំខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ នៅទល់មុខក្រុងប៉ោយប៉ែតផងដែរ។
ទោះយ៉ាងណា មកទល់ពេលនេះ ក្នុងគ្រោះធម្មជាតិនេះមិនមានព័ត៌មានពីមនុស្ស សត្វរងគ្រោះរបួសឬស្លាប់នោះទេ។
ហើយអាជ្ញាធរនិងជំនាញមូលដ្ឋានថ្នាក់ក្រោមជាតិ អាចនឹងសុំអន្តរាគមន៍ដល់ថ្នាក់លើ អោយជួយបង្ការដោះស្រាយប្រព័ន្ធលូបង្ហូររំដោះទឹកនិងប្រឡាយនៃបញ្ហាទឹកជំនន់និងទឹកភ្លៀងលិចប្រជុំជនក្រុងប៉ោយប៉ែតនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ស្ថិតក្នុងគម្រោងទីក្រុងគួរអោយចងរស់នៅ ហើយមានមនុស្សរស់នៅអចិន្ត្រៃយ៍ជាង១០ម៉ឺននាក់និងកើនឡើងសំណង់ផ្ទះ អគារខ្ពស់ៗ រាប់រយពាន់ ៕
ដោយ ៖ ឃិន គន្ធា

