ខ្មោចយានអវកាសសម័យសូវៀតធ្លាក់មកផែនដីវិញ ក្រោយជាប់គាំងលើលំហរ ៥៣ឆ្នាំ
មូស្គូ ៖ ខ្មោចយានអវកាសនៅសេសសល់កាលពីជាងកន្លះសតវត្សរ៍មុនរបស់អតីតសហភាពសូវៀត (បច្ចុប្បន្នប្រទេសរុស្ស៊ី) បានធ្លាក់មកដល់ផែនដីវិញ កាលពីថ្ងៃទី១០ ខែឧសភានេះ បន្ទាប់ពីជាប់គាំងនៅទីអវកាសអស់ ៥៣ឆ្នាំ។
ខ្មោចយានអវកាសនេះឈ្មោះថា Kosmos 482 មានកម្ពស់ប្រហែលមួយម៉ែត្រ និង ទម្ងន់ ៤៩៥គីឡូក្រាម ដែលអតីតសហភាពសូវៀតបាញ់បង្ហោះទៅស្រាវជ្រាវលើផ្ទៃភពសុក្រ (Venus) តែបានបរាជ័យកាលពីឆ្នាំ១៩៧២នោះ បានធ្លាក់មកលើភពផែនដីវិញដោយជោគជ័យ កាលពីវេលាម៉ោង ៩និង២៤នាទីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់)។
ហើយទីតាំងវាធ្លាក់នោះ គឺទៅក្នុងមហាសមុទ្រឥណ្ឌា ស្ថិតនៅភាគខាងលិចទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយគ្មានការខូចខាត ឬមនុស្សរងរបួសត្រូវបានគេរាយការណ៍ទេ នេះបើតាមការអះអាងដោយផ្ទាល់ពីទីភ្នាក់ងារអវកាសរុស្ស៊ី ROSCOSMOS។
Kosmos 482 ជាយានអវកាសដែលសហភាពសូវៀតចង់បញ្ជូនទៅចុះចតលើភពសុក្រ (Venus) កាលពីឆ្នាំ១៩៧២ ប៉ុន្តែវាមិនអាចចាកផុតពីគន្លងគោចរកម្រិតទាបជុំវិញផែនដី (Low Earth Orbit) នោះទេ បន្ទាប់ពីការបាញ់បង្ហោះឡើងផុតពីផ្ទៃផែនដីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំនោះ ដោយសារតែមានបញ្ហាផ្នែករ៉ុក្កែត។
ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា