មីយ៉ាន់ម៉ាបញ្ចុះសព២២នាក់ ស្លាប់ក្នុងការវាយប្រហារសាលារៀន

បរទេស ៖ ពិធីបញ្ចុះសពមនុស្សជាក្រុម ត្រូវបានប្រារព្ធធ្វើឡើង សម្រាប់ជនរងគ្រោះ ២២នាក់ ដែលបានស្លាប់ អំឡុងការវាយប្រហារតាមអាកាស លើសាលារៀន នៅក្នុងប្រទេស មីយ៉ាន់ម៉ា។

ប្រជាជននៅក្នុងភូមិ Oe Htein Kwin បានយំសោក ចំពោះសាកសពមនុស្ស ជាទីស្រលាញ់របស់ពួកគេ បន្ទាប់ពីការវាយប្រហារ តាមអាកាស របស់របបយោធា ទៅលើសាលារៀន សម្លាប់មនុស្ស២២នាក់ ដែលភាគច្រើន គឺជាកុមារ កាលពីថ្ងៃចន្ទ។

ការវាយប្រហារនេះបានកើតឡើង បើទោះបីជាបទឈប់បាញ់មនុស្សធម៌ ត្រូវបានគេអំពាវនាវឲ្យមាន ដើម្បីជួយស្តារប្រទេសជាតិងើបឡើងវិញ ពីគ្រោះរញ្ជួយដី ដ៏បំផ្លិចបំផ្លាញ ក៏ដោយ។

អ្នកស្រី Ma Nwe ដែលប្រើឈ្មោះក្លែងក្លាយ បាត់បង់កូនស្រី និងកូនប្រុស ក្នុងពេលមានការវាយប្រហារ បានប្រាប់ AFP ថា «ខ្ញុំចង់សួរយោធាថា តើកូនរបស់ខ្ញុំបានធ្វើអ្វីខុស? សូមអ្នកក្លាហាន មកវាយប្រហារ មកលើយើងចុះ»។

ប្រទេសមីយ៉ាន់ម៉ា បានរងនូវសង្រ្គាមស៊ីវិល ចាប់តាំងពីយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិល នៅឆ្នាំ២០២១ ប៉ុន្តែ របបយោធាបានទទួលរងនូវការវាយបកវិញ យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។

យ៉ាងណាមិញ យោធាបានសន្យាថា នឹងមានបទឈប់បាញ់ ពេញមួយខែនេះ “ដើម្បីបន្តដំណើរការកសាង និងស្តារឡើងវិញ” បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅតំបន់កណ្តាល សម្លាប់មនុស្សជិត ៣,៨០០នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner