គជប ៖ ការពិនិត្យបញ្ជីបោះឆ្នោត គឺដើម្បីធានាឲ្យមានភាពពេញលេញ នៃសិទ្ធិបោះឆ្នោត

(សៀមរាប)៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការសំខាន់ដែលធ្វើឡើងជាប្រចាំឆ្នាំ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងទាន់សម័យ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់វិសោធនកម្មពាក់ព័ន្ធ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោត អំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការលុបឈ្មោះបោះឆ្នោត នៅខេត្តសៀមរាប ថ្ងៃទី១៣ ខែឧសភា ឯកឧត្ដមបានថ្លែងថា ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ គជបត្រូវរៀបចំ និងអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០២៥ ដំណើរការនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា។ ក្នុងនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងប្រព្រឹត្តទៅរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។

គជប បានសម្រេចអនុវត្តតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (បនពច) ដើម្បីធានាបាននូវសង្គតិភាព និងភាពពេញលេញនៃបញ្ជីបោះឆ្នោតផ្លូវការ។ ការរៀបចំបនពចថ្មីនោះ មានគោលបំណងធ្វើឲ្យប្រសើរឡើងទាំងទម្រង់ និងខ្លឹមសារ ដើម្បីឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍន៍ថ្មីៗ ស្របតាមការសម្រេចចុងក្រោយរបស់គណៈកម្មាធិការ ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner