យុទ្ធនាការសម្អាតផ្លូវជាតិទទួលបានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងគោលដៅធ្វើឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
(ភ្នំពេញ)៖ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ«ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» កំពុងទទួលបានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយសារការចេញធ្វើសកម្មភាព ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អង្គការ សមាគមក្រៅរដ្ឋាភិបាល ដៃគូសហការ ផ្នែកឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋ រាប់ម៉ឺនអង្គ/នាក់ រួមគ្នាសម្អាតតាមដងផ្លូវជារៀងរាល់ថ្ងៃ។ ជាស្តែងក្នុងថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមស្ត្រីទ្រទ្រង់សន្តិភាព បានសហការជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការសម្អាត តាមដងផ្លូវជាតិ ជំរុញការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ឲ្យបានត្រឹមត្រូវ តាមបណ្ដោយផ្លូវជាតិលេខ៧ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។
លោកស្រី ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព បានលើកឡើងពីការសហការល្អ ជាមួយមន្ទីរបរិស្ដានខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងកងកម្លាំងប្រជាការពារ នៃឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើការសម្អាតផ្លូវជាតិលេខ៧ ចាប់ផ្ដើមពីគល់ស្ពានគីហ្សូណាត្រើយខាងកើត(ទន្លេបិទ) រហូតដល់ភូមិទួលវិហារ ឃុំជីរោទ៍ពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ សមាគមស្ត្រីទ្រទ្រង់សន្តិភាព ធ្វើការបញ្រ្ជាបការអប់រំ ជំរុញឱ្យប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាន មានការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវបន្ថែមទៀត ជាពិសេសជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានអនុវត្តព្រមគ្នា ក្នុងពេលតែមួយសម្អាតមូលដ្ឋានរបស់ខ្លួន ស្របទៅតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ បីគឺ«ភាពស្អាត ភាពបៃតង និងចីរភាព»។ ភាពស្អាតនៃយុទ្ធសាស្រ្តចក្រា មានគោលដៅធ្វើឱ្យកម្ពុជាយើងស្អាត តាមរយៈការរួមគ្នាសម្អាតផ្ទះកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាឱ្យស្អាតនៅក្នុងពេលខាងមុខ ជាពិសេសសម្អាតផ្លូវជាតិស្អាត ឱ្យបានស្អាតនៅឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាថ្មីម្តងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រដ្ឋលបាលថ្នាក់ក្រោមជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បណ្តាដៃគូសហការ រួមទាំងអង្គការសមាគមក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចំណាយពេលវេលា រួមសាមគ្គីគ្នាសម្អាតផ្ទះ សម្អាតមូលដ្ឋាន ទីសាធារណៈ និងតាមដងផ្លូវនានា ធានាសុខភាពល្អ មានអនាម័យ និងសោភ័ណភាព រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងអ្នកវិនិយោគ ដើម្បីកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ យុទ្ធនាការបានសម្អាតផ្លូវជាតិ ចំនួន៦១ខ្សែ ស្មើនឹង៩០% នៃចំនួនខ្សែផ្លូវគោលដៅសរុបនៅទូទាំងប្រទេស ចំងាយផ្លូវប្រវែង ៥ ៩១៤គ.ម ស្មើនឹង៩៣% នៃប្រវែងផ្លូវជាតិសរុប។ យុទ្ធនាការបានកៀរគរអ្នកចូលរួមសរុបចំនួន ២១៧ ២៤៨នាក់ នៅតាមឃុំ/សង្កាត់ចំនួន ៧៨៩ ឃុំ/សង្កាត់ ស្មើនឹង៨៣%នៃចំនួនឃុំសង្កាត់គោលដៅនៅទូទាំងប្រទេស៕
ដោយ ៖ ង៉ាន់ ទិត្យ





