សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ” ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស ។ ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថា ជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។
ព្រះរាជពិធីនេះ ត្រូវបានព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលមក ជាក់ស្តែង កាលពីសម័យសង្គមរាស្ត្រនិយម ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលព្រះអង្គមានព្រះជន្មគង់នៅ និងសម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាដើម ។ ពេលក្រោយមក ព្រះមហាក្សត្រ ទ្រង់ពុំបានយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ទៀតឡើយ ដោយចាត់ព្រះរាជតំណាង ច្រត់ជំនួស និងព្រះអង្គ ស្តេចយាងជាព្រះរាជាធិបតីវិញ ៕
ដោយ ៖ វណ្ណលុក
