អ៊ីស្រាអែលទម្លាក់គ្រាប់បែកផ្ទួនៗលើមន្ទីរពេទ្យអឺរ៉ុបនៅហ្គាហ្សា ស្លាប់មនុស្ស២៨នាក់

បរទេស៖ យោងតាមប្រភពក្នុងស្រុក បានឱ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក ចំនួន៦គ្រាប់ ក្នុងពេលដំណាលគ្នា ទៅលើមន្ទីរពេទ្យតំណាងឲ្យអឺរ៉ុប នៅក្នុងតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់មនុស្ស ២៨នាក់ និងរបួសមនុស្ស រាប់សិបនាក់ផ្សេងទៀត នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BBC កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យ របស់ទីភ្នាក់ងារការពារជនស៊ីវិល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បាននិយាយថា មន្ទីរពេទ្យមួយនេះ មានទីតាំងស្ថិត នៅក្នុងទីក្រុង Khan Younis ។ យោធាអ៊ីស្រាអែល បានចោទថា មន្ទីរពេទ្យមួយនេះ ត្រូវបានក្រុមភេរវករ ហាម៉ាស ប្រើប្រាស់ធ្វើជាមជ្ឈមណ្ឌលបញ្ជា ការនិងគ្រប់គ្រង ទើបត្រូវបានកំណត់គោលដៅ វាយប្រហារ យ៉ាងចាស់ដៃ នាពេលនោះ។គ្រាប់បែកទាំង៦គ្រាប់ បានបណ្តាលឱ្យមានរណ្ដៅជ្រៅ ជាច្រើន នៅខាងក្នុងបរិវេណមន្ទីរពេទ្យ ដែលបានកប់រថយន្តជាច្រើនគ្រឿង។

អ្នកកាសែតឯករាជ្យម្នាក់ ដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មាន BBC ក្នុងតំបន់ Gaza ក៏ស្ថិតក្នុង
ចំណោមអ្នករងរបួស អំឡុងការវាយប្រហារតាមអាកាស នាពេលនោះដែរ។ រីឯ សាក្សីដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា យន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល ក៏បានឡោមព័ទ្ធ ពីលើអាកាសយ៉ាងតឹងរ៉ឹង ដែលរារាំងក្រុមជួយសង្គ្រោះ មិនឱ្យទៅដល់កន្លែងនោះ ទៀតផង។

លោកវេជ្ជបណ្ឌិត Tom Potokar ដែលជាគ្រូពេទ្យវះកាត់ បានប្រាប់ BBC ថា មានការផ្ទុះដ៏ធំសម្បើមចំនួន៦ដង បន្ទាប់ពីមន្ទីរពេទ្យ ត្រូវបានវាយប្រហារ ហើយ ពុំមានការជូនដំណឹង អំពីការព្រមានជាមុន អ្វីទាំងអស់ នាំឲ្យមានការភ័យស្លន់ស្លោ ពាសពេញមន្ទីរពេទ្យទាំងមូល។

គួរបញ្ជាក់ថា តំបន់ ហ្គាហ្សា ភាគច្រើន ត្រូវបានបំផ្លិចបំផ្លាញ ក្នុងរយៈពេលប្រហែល ១៩ខែ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានលុកលុយ ទុកជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សម្លាប់មនុស្សជាង១ពាន់នាក់។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៥២,០០០នាក់ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ក្រោមស្នាដៃ របស់យោធាអ៊ីស្រាអែល៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner