Trump ថានឹងចូលរួមចរចាដែរ បើមានវត្តមានPutin
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បាននិយាយថា មានលទ្ធភាព ដែលលោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសទួកគី ដើម្បីពិភាក្សាអំពីប្រទេសអ៊ុយក្រែន ប្រសិនបើសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើដំណើរ ទៅទីនោះដែរ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា «ខ្ញុំមិនដឹងថា ពូទីន នឹងនៅទីនោះទេ តែ ពូទីនចង់ឱ្យខ្ញុំ នៅទីនោះ ហើយនោះ ជាលទ្ធភាពមួយ…ប្រសិនបើយើងអាចបញ្ចប់សង្រ្គាម ខ្ញុំនឹងគិតអំពីវា»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានកត់សម្គាល់ថា លោកគ្រោងនឹង ទៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងជើងទីបី និង ចុងក្រោយ នៃដំណើរទស្សនកិច្ច ឈូងសមុទ្រ របស់លោក។
ប៉ុន្តែ នៅពេលត្រូវបានសួរអំពី ការទៅកាន់ប្រទេសទួកគី លោកបានបន្ថែមថា «នោះមិនមានន័យថា ខ្ញុំនឹងមិនធ្វើវា ដើម្បីជួយជីវិតមនុស្សច្រើន នោះទេ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុង Istanbul នៅថ្ងៃសុក្រនេះ។ លោក Trump បាននិយាយថា «Marco មានប្រសិទ្ធភាពខ្លាំងណាស់» ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឱ្យលោក Putin បង្ហាញមុខនៅក្នុងប្រទេសទួកគី ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំទល់មុខគ្នា ដោយអះអាងថា ការចូលរួមរបស់លោក Putin បង្ហាញពីឆន្ទៈរបស់ទីក្រុងម៉ូស្គូ ក្នុងការស្វែងរកសន្តិភាព។
លោក ពូទីន ខ្លួនឯងបានអំពាវនាវឱ្យមានការចរចា ប៉ុន្តែ រុស្ស៊ីបានបដិសេធ មិនបញ្ជាក់ថា តើលោក ពូទីន នឹងចូលរួមដែរ ឬ យ៉ាងណានោះទេ។
លោក Trump បានប្តេជ្ញាបញ្ចប់សង្រ្គាមអ៊ុយក្រែនភ្លាមៗ ក្រោយចូលកាន់តំណែង និងបានដាក់សម្ពាធយ៉ាងខ្លាំង លើ លោក Zelensky ប៉ុន្តែ ថ្មីៗនេះ លោកបានសម្តែងការខកចិត្ត បន្ទាប់ពីប្រទេសរុស្ស៊ី បានបដិសេធសំណើសុំ បទឈប់បាញ់ រយៈពេល ៣០ថ្ងៃ ដំបូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


