សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខជូនក្រុមគ្រួសារសព យោធិនកម្ពុជា ២រូប ចំពោះការទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះអាវុធនៅស៊ូដង់ខាងត្បូង
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសាររំលែកមរណទុក្ខ ជូនក្រុមគ្រួសារសព កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី នៃកង អនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ចំពោះការទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងសាររំលែកមរណទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ ចំពោះការ ទទួលមរណភាពរបស់យោធិនកម្ពុជាចំនួន ០២រូប គឺ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី នៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃអង្គារ ទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ម៉ោងនៅប្រទេសស៊ូដង់ខាងត្បូង (ត្រូវនឹងម៉ោង ២០:៥០នាទី ម៉ោងនៅកម្ពុជា)។
សម្ដេចតេជោ បន្តថា ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់នូវសមាជិកគ្រួសារ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌។ នេះក៏ជាការបាត់បង់នូវយោធិនដ៏ឆ្នើម ដែលបានចូលរួមធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុតក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក ជាពិសេសបានស្ម័គ្រចិត្តយ៉ាងអង់អាចក្លាហាន ចូលរួមថែរក្សា សន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិរហូតដល់ពលីជីវិត ។
សម្ដេចតេជោ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ វណ្ណលុក


