សម្ដេចធិបតី កោតសរសើរឯកឧត្តម សាយ សំអាល់ ដែលបានខិតខំបំពេញបេសកកម្មជាតិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី
(ភ្នំពេញ)៖ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សាយ សំអាល់ ដែលបានខិតខំបំពេញបេសកកម្មជាតិ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី ដោយរក្សាបានបរិយាកាសសុខដុមនីយកម្មសង្គម ។
នេះបើតាមសារលិខិតជូនពររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើត ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងសារលិខិតជូនពរ ផ្ញើជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី និងភរិយា សូមជូន ពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតី ភ្លឺស្វាង និងមានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ដែលជានិច្ចកាល តែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា និងប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់អត្ថិភាព ជីវភាព សង្គម ការពង្រឹង សេដ្ឋកិច្ច និងការធានាបាននូវភាពធន់របស់កម្ពុជា ដើម្បីឈានទៅពង្រីកឧស្សាហកម្មថ្មីៗ និងការកសាងនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដោយរក្សាបានបរិយាកាសសុខដុមនីយកម្មសង្គម។
ជាថ្មីម្តងទៀត សម្ដេចធិបតី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរ ជ័យសិរីសួស្តីជ័យមង្គលគ្រប់ប្រការដល់ ឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ វណ្ណលុក


