សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំរាជរដ្ឋាភិបាលស្តីពីកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាស យោគយល់គ្ន លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត ធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕
ដោយ៖វណ្ណលុក

