ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះឱ្យបន្តការអភិវឌ្ឍកាន់តែរីកចម្រើន
(ភ្នំពេញ)៖ ឯកឧត្តម សុខ យ៉ានិមល ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះឱ្យបន្តការអភិវឌ្ឍកាន់តែរីកចម្រើន និងដណ្តើមបានមេដាយជូនជាតិពីការប្រកួតអន្តរជាតិនានា នាពេលខាងមុខជាបន្តបន្ទាប់។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីរបស់សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម សុខ យ៉ានិមល ថ្លែងរំលេចថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត មាស សារិន អតីត ប្រធានសហព័ន្ធបានធ្វើឱ្យប្រភេទកីឡាសីដក់ និងសីមេលោងកម្ពុជា មានកិត្តិនាមល្បីរន្ទឺទាំងនៅក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។
ឯកឧត្តម បានប្តេជ្ញាចិត្តបន្តនូវមាគ៌ាដឹកនាំដ៏ល្អផូរផង់របស់ឯកឧត្តមបណ្ឌិត មាស សារិន អតីតប្រធានសហព័ន្ធកីឡាសីដក់ និងស៊ីមេលោងកម្ពុជា។ ដោយបញ្ចេញអស់កម្លាំងកាយចិត្តនូវស្មារតីមោះមុត ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រភេទកីឡាសីដក់ និងសីមេលោងឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ។ ខិតខំប្រឹងដឹកនាំសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា ប្រកបដោយសុភវិនិច្ឆ័យ តម្លាភាព និងគណនេយ្យភាព។ ស្វះស្វែង និងកៀរគររកថវិកា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការបម្រើដល់ការងាររដ្ឋបាល ការហ្វឹកហាត់ និងការប្រកួត។ សម្រេចឱ្យបាននូវទិសដៅ និងផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ សម្រាប់អាណត្តិថ្មីរបស់ខ្លួន។ រៀបចំផែនការយុទ្ធសាស្ត្រ ត្រៀមរៀបចំការប្រកួត ទាំងកម្រិតជាតិ និងអន្តរជាតិ។ បន្តទំនាក់ទំនងល្អជាមួយនឹងសហព័ន្ធកីឡាសីដក់ និងសីមេលោងអន្តរជាតិ ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក ដែលមានសក្តានុពលលើវិស័យកីឡាមួយនេះ ដើម្បីឱ្យសហព័ន្ធបានទទួលការចែករំលែក បណ្តុះបណ្តាល ឬចេញទៅបោះជុំរុំ ហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី»។
បន្ថែមពីលើនេះ ឯកឧត្តម សុខ យ៉ានិមល បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជានឹងបន្តជួយជ្រោមជ្រែងផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនាតម្រង់ទិស ដើម្បីធ្វើយ៉ាងណាឱ្យឯកឧត្តមមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ សហព័ន្ធកីឡាមួយនេះឱ្យកាន់តែទទួលបានជោគជ័យ និងមានកិត្តិនាមល្បីរន្ទឺបន្តទៅទៀត ទាំងនៅក្នុងតំបន់ និងនៅ ទូទាំងសកលលោក។
គួរបញ្ជាក់ជូនថា សម្រាប់សមាជិកថ្មី អាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ មានសមាសភាពគណៈកម្មាធិការប្រតិបត្តិសរុបចំនួន១៧រូប ដែលដឹកនាំដោយឯកឧត្តម សុខ យ៉ានិមល ជាប្រធាន អមដោយអនុប្រធាន ៤រូប គឺលោក លោក ឯម ហៀង លោក មាស សារ៉េត លោក វ៉ា គ្រី និងកញ្ញា មាស តឿ។ ចំពោះកញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ និងលោក ប្រាក់ សិរិវឌ្ឍនៈ អគ្គលេខាធិការរង រីឯកញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញឹក។ ចំពោះសមាជិកមានចំនួន៩រូប រួមមាន៖ លោក ពៅ វណ្ណា លោក អ៊ឹង ណារិទ្ធ លោក ហ៊ុត វិប៊ែរ លោក គង់ សុភាព លោក ជាតិ ខេមរា កញ្ញា ឯម សុវត្ថាវី កញ្ញា តាំង គឹមហៀង លោក គឹម សិរិមង្គល និងលោក វ៉ា គីមលាង។ អាណត្តិថ្មីនេះ ក៏មានប្រធាន-អនុប្រធានកិត្តិយសជួយគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់ខ្លួនចំនួន៦រូបផងដែរ ក្នុងនោះឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធានកិត្តិយសសហព័ន្ធ អមដោយអនុប្រធានកិត្តិយស៤រូបផងដែរ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ




