អ៊ីស្រាអែលសំងំសង់អគារជំនួយមនុស្សធម៌នៅហ្គាហ្សា តែ UN ថា ជាបន្ទាយយោធា

បរទេស៖ ក្រោយពេលចូលលុកលុយជាង១ឆ្នាំ អ៊ីស្រាអែល កំពុងសំងំសាងសង់​ អគារជំនួយមនុស្សធម៌ និងផ្លូវថ្នល់នានា នៅក្នុងតំបន់ហ្គាហ្សា តែ តំណាងអង្គការសហប្រជាជាតិ (UN) អះអាងថា ជាបន្ទាយយោធា នេះបើការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍។

រូបភាពផ្កាយរណប បានបង្ហាញពីសកម្មភាពឈូសឆាយអគារបាក់បែក ដើម្បីសាងសង់ឡើងវិញ។ ការបញ្ចេញនេះ បានធ្វើឡើង ក្រោយពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ កាលពីសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំប្រព័ន្ធថ្មីមួយ សម្រាប់ផ្តល់ជំនួយ បញ្ជូនចេញពីមជ្ឈមណ្ឌលជាច្រើន នៅខាងក្នុងតំបន់ ហ្គាហ្សា ដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងត្រូវបានការពារ ដោយអ្នកម៉ៅការសន្តិសុខ និងកងកម្លាំងអ៊ីស្រាអែល។

អ៊ីស្រាអែល មិនបាននិយាយ ជាសាធារណៈ ទទួលស្គាល់ពីការសាងសង់​នេះទេ ប៉ុន្តែ ប្រភពមនុស្សធម៌ កាលពីមុន បានប្រាប់ BBC Verify ថា យ៉ាងហោចណាស់ មានមជ្ឈមណ្ឌលចំនួន៤ នឹងត្រូវសាងសង់ នៅផ្នែកខាងត្បូង នៃតំបន់ Gaza និងមួយទៀត នៅភាគខាងជើង ក្បែរច្រករបៀង Netzarim ដែលជាទឹកដី គ្រប់គ្រងដោយយោធាអ៊ីស្រាអែល។

យ៉ាងណាមិញ អ្នកស្រី Olga Cherevko អ្នកនាំពាក្យការិយាល័យ របស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បានចោទប្រកាន់អ៊ីស្រាអែលថា កំពុងយកលេស សង់ជាបន្ទាយយុទ្ធសាស្ត្រខាងយោធា។ អ្នកស្រី បញ្ជាក់ថា «ការរៀបចំបែបនោះ នឹងកាត់ផ្តាច់តំបន់ដ៏ធំ នៃតំបន់ហ្គាហ្សា ជាពិសេស អ្នកដែលងាយរងគ្រោះបំផុត ដែលមិនអាចផ្លាស់ទី បានដោយងាយស្រួល ឬ ត្រូវបានកាត់បន្ថយ ពីការទទួលបានជំនួយ ណាមួយ។ ទន្ទឹមនឹងនេះដែរ លោកស្រី Bushra Khalidi តំណាង អង្គការ Oxfam បានពណ៌នាផែនការថ្មីនេះថា ជាការបំផ្លិចបំផ្លាញ។

អ្នកស្រីថា ការសាងសង់នេះ មិនមែនដើម្បីការភស្តុភារណា នោះទេ តែ គឺជាយុទ្ធសាស្ត្ររបស់យោធាអ៊ីស្រាអែល ដើម្បីធ្វើការផ្លាស់ទីលំនៅដោយបង្ខំ និងការប្រើប្រាស់ «ភាពអត់ឃ្លាន» ជាអាវុធនៃសង្រ្គាម។ អ្នកស្រីថា នេះគឺជាការឡោមព័ទ្ធ បិទច្រកឆ្លងកាត់ មិនអនុញ្ញាតឱ្យពួកយើង ធ្វើការងារមនុស្សធម៌។

ជាការកត់សម្គាល់ រដ្ឋាភិបាលអ៊ីស្រាអែលបានផ្អាក ការចែកចាយអាហារ និងថ្នាំ ទៅក្នុងតំបន់ហ្គាហ្សា កាលពីខែមីនា។ ទង្វើនេះត្រូវបានថ្កោលទោស ដោយមេដឹកនាំអង្គការសហប្រជាជាតិ, អឺរ៉ុប និងមជ្ឈិមបូព៌ា បើទោះបីជា អ៊ីស្រាអែលអះអាថា ធ្វើឡើង ក្នុងបំណងដាក់សម្ពាធ លើក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់របស់ខ្លួន។ អ៊ីស្រាអែលក៏បានចោទក្រុមហាម៉ាស់ថា បានលួចជំនួយក្នុងពេលដឹកញ្ជូនផងដែរ ប៉ុន្តែ ហាម៉ាស់បានបដិសេធ ការចោទប្រកាន់នេះ។

អង្គការសហប្រជាជាតិ បាននិយាយថា ការបិទផ្លូវនេះ បានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ហើយការវាយតម្លៃ កាលពីថ្ងៃចន្ទ បានព្រមានថា ប្រជាជននៅតំបន់ហ្គាហ្សាប្រហែល ២.១លាននាក់ កំពុងស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ នៃគ្រោះទុរ្ភិក្ស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner