Trump ទាក់បានវិនិយោគ១.៤ទ្រីលានដុល្លារពីអេមីរ៉ាត់ អារ៉ាប់រួម
បរទេស ៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយប្រាប់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ថា នឹងបោះទុនថ្មី ១.៤ពាន់ពាន់លានដុល្លារ វិនិយោគ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ។
ប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan និយាយថា ប្រទេសរបស់លោកមានគម្រោងវិនិយោគ ១,៤ទ្រីលានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ អំឡុងពេលថ្លែងសុន្ទរកថា នៅឯវិមានប្រធានាធិបតី ស្ថិតក្នុងទីក្រុង Abu Dhabi ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានទៅបំពេញទស្សនកិច្ច នៅទីនោះ។
ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បានប្រាប់បន្ថែមថា ការវិនិយោគទាំងនេះ ផ្តោតនៅក្នុងវិស័យជាច្រើន រួមទាំង បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និង ថាមពល ផងដែរ។ លោកបានគូសបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តួចផ្តើមអវកាស របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម រួមទាំង កម្មវិធីរុករកភពអង្គារ បេសកកម្មអវកាសយានិក និង គម្រោងរុករកខ្សែក្រវ៉ាត់ អាចម៍ផ្កាយ។
អេមីរ៉ាត អារ៉ាប់រួម គឺជាកន្លែងឈប់ទីបី និង ចុងក្រោយ សម្រាប់ដំណើរទស្សនកិច្ច នៅបណ្តារដ្ឋឈូងសមុទ្រ របស់លោក Trump ពោលគឺបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម នៅប្រទេស អារ៉ាប៊ី សាអូឌីត និង ប្រទេស កាតា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
