សម្តេចធិបតី ៖ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន
(ភ្នំពេញ)៖ ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវាដ៏មានអត្ថន័យថ្លៃថ្លារបស់ជាតិ ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខ ទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និង មន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរ បាល ជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯក រាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ មន្ដ្រី នគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូន ពរ ឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និង មកបំពេញការងារនៅតាមអង្គភាពវិញ។
សម្តេចធិបតី បានគូសរំលេចថា ក្រោមការដឹកនាំ ផ្ទាល់របស់ក្រសួងមហាផ្ទៃជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែល បង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយរាជរដ្ឋា ភិបាល ក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិល ត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរ ភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិ ភាព សង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ ភាព ក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ ដំណាក់ កាលសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ឆ្នាំ២០២៥ សភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បានធ្វើឱ្យសំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់លំដាប់ ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមន សិការជាតិ ការពលិកម្ម និងការលះបង់គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍ ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាង មុត មាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្ដីភាពរបស់កង កម្លាំង នគរបាលជាតិ និងសម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជា កម្លាំង អនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព ៕
ដោយ ៖ វណ្ណលុក


