Pol.
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក ដោយមានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ ។
នគរបាលជាតិ ត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះ បរមរតនកោដ្ឋ តាមរយៈព្រះរាជក្រម លេខ៣៥ នស ចុះថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ ក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ ដែលកាលនោះ កម្ពុជា ទទួលបានឯករាជ្យ លើកទី១ មានរយៈពេលជិត ៧ខែ គឺ ចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ឆ្នាំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅ ដោយផ្តោតលើការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែល ស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ។ ជាពិសេសបានកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។
ឯកឧត្តម បន្ដថា តាមរយៈនេះ កងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនា ធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។
ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍ថា ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។
ឯកឧត្តម បានបន្ថែមថា ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ














