យោធាមីយ៉ាន់ម៉ា វាយប្រហារជាថ្មី ស្លាប់អ្នកស្រុក៣នាក់
បរទេស ៖ របបយោធាមីយ៉ាន់ម៉ា បានបន្តវាយប្រហារតាមផ្លូវអាកាស បណ្តាលឲ្យស្លាប់អ្នកស្រុក ចំនួន៣នាក់។ ការវាយប្រហារនេះ បានកើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមានការវាយប្រហារ លើសាលារៀនមួយកន្លែង ស្លាប់គ្រូ និងសិស្ស ជាច្រើននាក់។
រូបភាពបានបង្ហាញពីទិដ្ឋភាពអ្នកស្រុក នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិច ប្រទេស បានប្រញាប់ប្រញាល់រកកន្លែងលាក់ពួន បិទបាំង ខណៈយន្តហោះយោធា ហោះជុំវិញក្បាល ហើយ សម្លេងនៃការផ្ទុះ ត្រូវបានគេឮ។
ការវាយប្រហារតាមអាកាសចុងក្រោយនេះ បានកើតមានឡើង នៅលើទីក្រុង Kyauktaw កាលពីថ្ងៃទី ១៤ ឧសភា ដោយបានសម្លាប់ជនស៊ីវិលបីនាក់ នេះបើយោងតាមអ្នកស្រុក ដែលព្យាយាមយកទ្រព្យសម្បត្តិ ចេញពីផ្ទះសម្បែង ដែលត្រូវបានបំផ្លាញ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា យោធាកំពុងបង្កើនយុទ្ធនាការពីលើអាកាស ខណៈដែលខ្លួនកំពុងប្រឹងប្រែងទប់ទល់នឹងគូប្រជែងប្រដាប់អាវុធ ជាច្រើន។
កាលពីដើម សប្តាហ៍នេះ កុមារចំនួន ២០នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ក្នុងសាលារៀន ស្ថិតក្នុងតំបន់កណ្តាល នេះបើយោងតាមសាក្សី និង មន្ត្រីក្នុងតំបន់។
ប្រទេសមីយ៉ាន់ម៉ា បានរងនូវសង្រ្គាមស៊ីវិល ចាប់តាំងពីយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិល នៅឆ្នាំ២០២១ ប៉ុន្តែ របបយោធាបានទទួលរងនូវការវាយបកវិញ យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ការវាយប្រហារនៅតែមានកើតមាន បើទោះបីជាយោធាបានសន្យាថា មានបទឈប់បាញ់ ពេញមួយខែនេះ “ដើម្បីបន្តដំណើរការកសាង និងស្តារឡើងវិញ” បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅតំបន់កណ្តាល សម្លាប់មនុស្សជិត ៣,៨០០នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
