Trump ព្រមានវាយប្រហារពួកហ៊ូធីឡើងវិញ

បរទេស ៖ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកអាចនឹង «ត្រលប់ទៅរកការវាយលុកវិញ» ក្នុងករណីមានការវាយប្រហាររបស់ពួកឧទ្ទាម ហ៊ូធី។ ជាការលើកឡើង បន្ទាប់ពីអាមេរិកនិងហ៊ូធី បានព្រមព្រៀងឈប់បាញ់គ្នា ថ្មីៗនេះ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចងាកទៅការវាយលុកវិញ បើក្នុងករណី មានការរវាយប្រហារ ដោយពួកឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន។ ប្រធានាធិបតី វ័យ៧៨ឆ្នាំ រូបនេះ បានអះអាងដូច្នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ក្នុងខែឧសភានេះ។

លោក Trump បាននិយាយ ចេញពីប្រទេសកាតាថា «យើងកំពុងដោះស្រាយជាមួយក្រុម ហ៊ូធី ហើយខ្ញុំគិតថា ជោគជ័យណាស់ ប៉ុន្តែប្រហែល ជាថ្ងៃស្អែក ការវាយប្រហារមួយ អាចនឹងត្រូវធ្វើឡើង ក្នុងករណីនេះ យើងត្រលប់ទៅការវាយលុកវិញ»។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងមក លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាឲ្យមានការវាយប្រហារ យ៉ាងចាស់ដៃ ទៅលើក្រុមឧទ្ទាមហ៊ូធី ដោយអះអាងថា ក្រុមនេះបង្កបញ្ហាសន្តិសុខធ្ងន់ធ្ងរ នៅសមុទ្រក្រហម។ ក្រុមនេះ តែងតែវាយប្រហារនាវារបស់លោកខាងលិច ក៏ដូចជា អ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ដែលកំពុងមានសង្គ្រាម រវាងអ៊ីស្រាអែល និងហាម៉ាស់ ប្រមាណ ២០ខែមកហើយនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner