កម្ពុជា និងយូអិនអេដស៍ រៀបចំព្រឹត្តិការណ៍ ម=ម នៅមុខប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តសៀមរាប រួមជាមួយយូអិនអេដស៍ បានរៀបចំព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះមានគោលបំណងកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការទទួលសេវាព្យាបាលជាប់លាប់ដោយឱសថប្រឆាំងមេរោគអេដស៍ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកមួយចំនួន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា៖ «កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បេ្តជ្ញាបន្តពង្រឹងឱ្យបានទ្វេដង ដោយផ្តោតការយកចិត្តទុកដាក់លើ៖ ១. បន្តការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅតាមសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ។ ២. បន្តផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ៣. បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិលើកកម្ពស់ការមិនរើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម ស្មើ ម), នោះគឺ មានន័យថា៖
-អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ!

  • អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា!
  • អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ!
  • អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។

លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិ្តបតិ UNAIDS បានវាយតម្លៃខ្ពស់លើការរៀបចំព្រឹត្តិការណ៍ ដោយបង្ហាញពីការឆ្លើយតបដ៏ទូលំទូលាយ និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ចំពោះការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍។ វាជាដំណើរទស្សនកិច្ចមួយ ផ្តល់នូវឱកាសដ៏មានតម្លៃដើម្បីបង្ហាញពីភាពជាម្ចាស់មូលដ្ឋានដ៏រឹងមាំ ភាពជាដៃគូយុទ្ធសាស្ត្រ និងកម្មវិធីដែលមានឥទ្ធិពលក្នុងការសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ ឆ្ពោះទៅរកការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។

សូមបញ្ជាក់ថា ចំពោះការទទួលស្គាល់នូវគុណតម្លៃនៃសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ជំងឺអេដស៍ ជាពិសេសភាពជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និង ៣ឆ្នាំបន្ទាប់បានទទួលពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។

បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានទទួលគោរមងារមួយទៀតពីអង្គការសហប្រជាជាតិ គឺជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner