លោក Trump ថា សន្តិភាពអ៊ុយក្រែនកើតមាន លុះត្រាលោកជួបលោក Putin
ដូហា ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកមិនរំពឹងថា នឹងមានការរីកចម្រើនធំដុំកើតចេញពីការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីឡើយ លុះត្រាតែលោកបានជួបមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One មុនចាកចេញពីកាតាទៅកាន់ប្រទេសអារ៉ាប់រួមថា ខ្ញុំមិនជឿថា នឹងមានអ្វីកើតឡើងនោះទេ រហូតទាល់តែលោក ពូទីន និងខ្ញុំបានជួបគ្នា ប៉ុន្តែ យើងនឹងត្រូវដោះស្រាយវា ព្រោះមនុស្សច្រើនពេកកំពុងស្លាប់ក្នុងសង្គ្រាមនេះ។
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានជំរុញឱ្យលោក ពូទីន បង្ហាញមុខនៅទីនោះដែរ និង ធ្វើកិច្ចចរចាដោយផ្ទាល់ ដើម្បីបង្ហាញថា មេដឹកនាំរុស្ស៊ីរូបនេះ ពិតជាចង់បានសន្តិភាព។
ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅប្រទេសតួកគី កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា