សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់
(កណ្ដាល)៖ ក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោឡារិក និងឧត្ដុង្គឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និង សមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និង ជាពេលវេលាដ៏ស័ក្តិសម ដើម្បីយើងទាំងអស់គ្នាសម្ដែងនូវអំណរគុណការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាច ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ។
សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមាន ជំនឿទុកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការគ្រោះអគ្គិភ័យ ។ សម្តេច ក៏បានស្នើប្រជាពលរដ្ឋកុំឆ្លៀតញុះញង់ និងបំផុសឱ្យមានការយល់ខុស នៅពេលឃើញវីដេអូកងកម្លាំងកម្ពុជា ទៅសិក្សានៅបរទេស ខណៈប្រទេស និងប្រទេសជាមិត្ត តែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងបុព្វហេតុសន្តិសុខជាតិ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គមក្នុងរយៈពេល ៨០ឆ្នាំកន្លងទៅនេះ ទោះបីមានវិញ្ញាសាស្មុគស្មាញជាច្រើននៅគ្រប់ដំណាក់កាល នៃការវិវត្តរបស់សង្គមកម្ពុជា អាស្រ័យដោយផលប៉ះពាល់ ខាងស្ថិរភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងកត្តាផ្សេងៗជាច្រើនទៀតក៏ដោយ, ក៏នគរបាលជាតិកម្ពុជា បានពុះពារជម្នះរាល់ការលំបាកទាំងនោះ, អនុវត្តនូវតួនាទីស្នូលរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ, អធិបតេយ្យជាតិ, បូរណភាពទឹកដី, រក្សាស្ថិរភាពនយោបាយ, ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្ក រិទ្ធង្សនា, អំពើភេរវកម្ម, បង្ក្រាបបទល្មើសឆ្លងដែន និង បទល្មើសនានា ការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ, រក្សាសុវត្ថិភាពនៅមូលដ្ឋាន និង របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម។
សម្តេចធិបតី បន្តថា ទោះបីរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំកិច្ចដំណើរការរបស់ជាតិ សម្រេចបានជោគជ័យយ៉ាងធំធេងក៏ដោយ, ប៉ុន្តែយើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន អាស្រ័យដោយសភាពការណ៍នយោបាយ, បញ្ហាសង្គ្រាម ជម្លោះរវាងបណ្ដាប្រទេសនានា ក្នុង តំបន់ និង សកលលោក ការដណ្តើមភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ, ជាពិសេស សង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះ បាន និង កំពុងបន្តវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ និង ពិបាកប៉ាន់ស្មានបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា សភាពការណ៍បទល្មើសច្រើនប្រភេទបាននិងកំពុងវិវត្តហួសពីបទល្មើសប្រពៃណី ទៅជាបទល្មើសឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានទំនើប ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសបោកបញ្ឆោតតាមអនឡាញ, ការជួញ- ដូរមនុស្ស សកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឱ្យមានអស្ថិរភាពសង្គម វិបត្តិនយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ, មនុស្សធម៌ ដែលជះឥទ្ធិពលដល់សកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។
សម្តេចធិបតី បន្ថែមថា បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ច ទទួលខុសត្រូវ និងចូលរួមក្នុងស្មារតីបុរេសកម្មប្រកបដោយសហថាមពល ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលជាបុព្វបទចាំបាច់បំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ