ស្ពានកម្ពស់៩០ម៉ែត្រ ខ្ពស់ជាងគេនៅកម្ពុជាបានអនុញ្ញាតឱ្យ​ធ្វើដំណើរ​ឆ្លងកាត់ជាអចិន្រ្តៃយ៍

ភ្នំពេញ៖ជាមួយរូបថតជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួង​សាធារណការ និងដឹកជញ្ជូនបានឱ្យដឹង​ថា ស្ពានលេខ២៨ ដែលជាស្ពាន​ខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យ​​ប្រជាពល​រដ្ឋឆ្លង​កាត់ជា​អចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ​តទៅ ។

ទាក់ទងនឹងសមិទ្ធផលថ្មីនេះ អ្នកនាំពាក្យដដែលបានបន្ថែមថា ការបើកឱ្យប្រជា​ពលរដ្ឋឆ្លង​កាត់ជាអចិន្ត្រៃយ៍គឺ ក្រោយពេល​វឌ្ឍនភាពស្ពាន​បាន​សម្រេច​លទ្ធផល​១០០ភាគរយ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនា​កម្សាន្ត​ជាមួយ​ទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវ​ស្រងាត់​ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សី​ជ្រុំដ៏ត្រជាក់ស្រេប។

សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសាកន្លងទៅនាអំលុង​ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្ត​ភូមិឆាយលូក ឃុំ​អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយ​ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ២៥ លានដុល្លារអាម៉េរិក សាងសង់ដោយ​ក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ចំណុច​កណ្តាល​នៃស្ពាន​ស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់​៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹម​ក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែង​សរុប៥៣៧ម៉ែត្រ។

ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមាននូវទី​លានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹង​សរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់​ចតយានយន្ត​នៅ​ទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗ​អាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។

សូមជម្រាបផងដែរ ចំពោះផ្លូវជាតិលេខ១០ គឺជាប្រទេសផ្លូវក្រាល​កៅស៊ូពីរ​ស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់​ប្រសព្វផ្លូវ​ជាតិ​លេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងស្ថាបនាផ្លូវនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ មីនា ២០២០ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner