សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យកងកម្លាំងទាំងអស់ បង្កើនកិច្ចសហការពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងសុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ

(កណ្ដាល)៖ ក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឱ្យកងកម្លាំងទាំងអស់ បង្កើនកិច្ចសហការពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងសុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្លាំងនគរបាល ត្រូវបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ» ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និង ប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។

សម្តេចក៏បានណែរនាំដល់កម្លាំងនគរបាល ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យ បានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងសកម្មភាពវិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំ ទប់ស្កាត់បង្ក្រាបបណ្ដាញភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល ។ ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមបន្តលើកទឹកចិត្តដល់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និង សហគមន៍ដែលជាវិធានចលករដ៏សំខាន់ក្នុងការកៀរគរ ការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាអតិបរមាចំពោះ បទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា អំពើលួច, ឆក់ប្លន់, អំពើជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព ។

សម្តេចក៏បានមានប្រសាសន៍ជំរុញឱ្យគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថា សណ្តាប់ធ្នាប់តាមទីសាធារណៈ, សណ្ដាប់- ធ្នាប់ចរាចរណ៍ មានរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ, កំណើន សេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និង កំណើនយានយន្តគ្រប់ ប្រភេទ។ ទន្ទឹមនេះ សូមយកចិត្តទុកដាក់ដល់ការងារបង្ការនិងពន្លត់អគ្គិភ័យ និង ការត្រៀម កម្លាំង- ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវាឱ្យកាន់តែមានភាពសាមញ្ញ, លឿនរហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំង ការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាម ក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម ។

សម្តេច ក៏បានណែរនាំឱ្យមន្ត្រីនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និង បច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារ ក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវពិនិត្យកែសម្រួលរចនាសម្ព័ន្ធអង្គភាពចាំបាច់មួយចំនួន ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្តាល ឱ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឱ្យថ្នាក់ មូលដ្ឋានឱ្យបានច្រើន ដោយសារប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយ ប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ត្រូវពិនិត្យគុណវឌ្ឍរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើការងារសម្រាប់ការតែងតាំងមុខតំណែងណាមួយក្នុងជួរនគរបាល ឬឡើងឋានន្តរសក្តិ ត្រូវលុបបំបាត់ចោលរឿងបក្សពួកនិយម ក្នុងការស្នើតម្លើងតំណែង ឬ ឋានន្តរសក្ដិ និហឭងសូមលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner