ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាអន្តរជាតិលើកទី១៦ បើកដំណើរការ ៣ថ្ងៃនៅកោះពេជ្រ

ភ្នំពេញ ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅអគារសន្និបាត និងពិពរណ៌កោះពេជ្រ។

នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិ និងអន្តរជាតិ បានដាក់បង្ហាញនូវផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួនដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ។ ពិព័រណ៍នេះ គោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លក្ខណៈអន្តរជាតិនេះឡើង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនេះ សមាគមបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាព បុរេសកម្ម ជាក់ស្តែងនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញលើកកម្ពស់ និងការតាំងបង្ហាញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ បង្កើតឱកាសក្នុងការផូផ្គងរវាងធុរជនក្នុង និងក្រៅប្រទេស ជំរុញអភិវឌ្ឍន៍ និងនវានុវត្ត ឧស្សាហកម្មផលិតគ្រឿងអលង្ការ និងកែច្នៃត្បូង ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យនេះនៅកម្ពុជា។

លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានប្រសាសន៍ថា ជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗជាបន្តបន្ទាប់ បើទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនក្តី។ ក្នុងស្មារតីកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទល្បីរន្ទឺរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាកអន្តរជាតិ ការណ៍នេះនឹងញ៉ាំងឲ្យមានការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការ និង ត្បូងមានកម្លៃ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនកុះករថែមទៀត។

ទន្ទឹមគ្នានេះដែរ យើងក៏បានចុះកិច្ចសហការជាមួយសមាគមគ្រឿងអលង្ការបរទេស ដើម្បីងាយស្រួលដល់ពាណិជ្ជករបរទេសមកវិនិយោគលើ វិស័យគ្រឿងអលង្ការក្នុងប្រទេសកម្ពុជាផងដែរ។ លោកជំទាវប្រធានសមាគមបន្ថែមថា សមាគមបរទេសដែលយើងចុះកិច្ចសហការទាំងនោះរួមមាន៖ សមាគមគ្រឿង អលង្ការវៀតណាម, សមាគមគ្រឿងអលង្ការថៃ (AGJA), សមាគគ្រឿងអលង្ការម៉ាឡេស៊ី, សមាគមគ្រឿង អលង្ការឥណ្ឌា ។ល។មិនតែប៉ុណ្ណោះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ក៏បានចុះកិច្ចសហការជាមួយធនាគារ ABA (Advanced Bank of Asia Limited : ធនាគារវឌ្ឍនៈអាស៊ីចំកាត់) ដើម្បីផ្តល់ភាព ងាយស្រួលដល់សមាជិកសមាជិកាសមាគមក្នុងការបើកគណនីជាក្រុមហ៊ុន ឬគណនីឯកត្តបុគ្គល៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner