ប៉ាគីស្ថាន និង ឥណ្ឌាយល់ព្រមបន្តបទឈប់បាញ់
អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថាន និង ឥណ្ឌាបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានឈានដល់ការយល់ព្រមបន្តបទឈប់បាញ់រហូតដល់ថ្ងៃទី១៨ ខែឧសភាខាងមុខ។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar និយាយថា យោធានៃប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នា ហើយបានឈានដល់ការសម្រេចចិត្តពន្យាពេលបទឈប់បាញ់ ក្នុងន័យតាមដានការសន្ទនានយោបាយ។
ប្រមុខការទូតប៉ាគីស្ថានរូបនេះ បានប្រាប់សមាជិកសភាថា បទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នាដំបូងនៅថ្ងៃទី១០ ខែឧសភា ហើយអូសបន្លាយដល់ថ្ងៃទី១២ ខែឧសភា។ ក្រោយមកបន្តដល់ថ្ងៃទី១៤ ខែឧសភា ហើយឥឡូវនេះបានបន្តរហូតដល់ថ្ងៃទី១៨ ខែឧសភា។
លោក Dar បន្ថែមថា មកដល់ពេលនេះ ការទំនាក់ទំនងកម្រិតយោធាមានសារៈសំខាន់ ក្នុងការរក្សាបទឈប់បាញ់ ហើយបន្ទាប់ពីថ្ងៃទី១៨ ខែឧសភា ការចរចានយោបាយដ៏ទូលំទូលាយនឹងចាប់ផ្តើម។
ភាពតានតឹងរវាងគូសត្រូវនុយក្លេអ៊ែរទាំងពីរ បានកើនឡើងនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភា នៅពេលដែលឥណ្ឌាបើកការវាយប្រហារតាមអាកាសលើគោលដៅជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីសងសឹកការវាយប្រហារនៅតំបន់ទេសចរណ៍ Pahalgam ស្ថិតនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ជាកន្លែងដែលជនស៊ីវិល ២៦នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណកាលពីខែមុនា៕



ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា