មន្ត្រីឥណ្ឌាថា Trump និយាយកុហកថា ឥណ្ឌាលែងយកពន្ធទំនិញនាំចូលពីអាមេរិក

បរទេស៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកហុកដែលថា ប្រទេសឥណ្ឌានឹងលែងយកពន្ធទាំងអស់ លើទំនិញនាំចូល ពីអាមេរិក នេះគឺជាអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការលើកឡើងនេះ គឺជាការឆ្លើយតបទៅកាន់ លោក Trump ដែលបានអះអាង ចេញពីប្រទេសកាតាថា រដ្ឋាភិបាលទីក្រុង ញូវ ដេល្លី បានស្នើអាមេរិក នូវកិច្ចព្រមព្រៀងមួយដែលថា ឥណ្ឌាមានឆន្ទៈ ក្នុងការមិនគិតពន្ធ លើទំនិញរបស់អាមេរិក ទាំងអស់។ នៅពេលនោះដែរ លោក Trump បានប្រាប់លោក Tim Cook ថា លោកមិនចង់ឲ្យ Apple ផលិត iphone នៅឥណ្ឌា នោះទេ ដោយសារតែឥណ្ឌា ជាប្រទេសមួយចំណោមប្រទេស ដែលមានពន្ធខ្ពស់បំផុត នៅលើពិភពលោក។

ចេញមុខឆ្លើយតបរឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានបញ្ជាក់ថា មកដល់ពេលនេះ ពុំទាន់មានការសម្រេចអ្វីទាំងអស់ ដែលមានន័យថា អ្វីដែលលោក Trump និយាយទាំងអស់ គឺជាការភូតកហុក។ លោកថា មន្ត្រីឥណ្ឌា និងអាមេរិក បច្ចុប្បន្ន កំពុងពិភាក្សាគ្នានៅឡើយ លើការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយ បញ្ជាក់ថា រាល់ការឯកភាពណាមួយ ត្រូវតែផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និង មានការឯកភាព ទាំងសងខាង។

ក្នុងសង្គ្រាមពន្ធគយថ្មីនេះ លោក ប្រធានាធិបតី Trump បានបង្កើនអត្រាពន្ធ ២៧% លើទំនិញនាំចូលរបស់ឥណ្ឌា កាលពីខែមេសា។ បញ្ហានេះ នាំឲ្យ រដ្ឋាភិបាលក្រុងញូវ ដេល្លី កំពុងប្រញាប់ប្រញាល់ ចរចា ជាមួយអាមេរិក ក្នុងពេលដែល លោក Trump បានប្រកាសផ្អាក រយៈពេល៩០ថ្ងៃ ដើម្បីឲ្យប្រទេសជាច្រើន រួមទាំង ឥណ្ឌា ធ្វើការចរចាបន្ធូរបន្ថយ ការយកពន្ធគយនេះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner