ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សានិងស្នើសុំធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីមកពីក្រសួង ស្ថាប័នចំនួន ១២ សរុប ៣៨រូប។
នារសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័ន១៣ ផ្សេងទៀត ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៥រូប។
ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីមូលហេតុនិងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។
តំណាងក្រសួង ស្ថាប័នបានសម្ដែងមតិគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានលើកយោបល់អំពីកិច្ចការអាទិភាពនិងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ ទន្ទឹមនេះ តំណាងក្រសួង ស្ថាប័នបានផ្ដល់ធាតុចូលល្អៗជាច្រើនដែលក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលយកទៅពិចារណាដើម្បីរៀបចំកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ។ ក្រសួង ស្ថាប័ននឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងទិសដៅកាន់តែច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ និងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ








