សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកនេះ
(ពោធ៌សាត់)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។
លោក ហួន ស៊ីថា នាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យល័យ មួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោកបានលើកឡើងពីប្រវត្តិវិទ្យាល័យនេះ ដើមឡើយគឺជាអនុវិទ្យល័យប្រម៉ោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានផ្ទៃដីទំហំ ៨៨,៤០៤ម៉ែត្រការ៉េ និងមានអគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ក្រោមជំនួយទ្រទ្រង់ ពីធនាគារអភិវឌ្ឍន៍អាស៊ី ។
លោកនាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បាននបន្តថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នាអំឡុងពេលដែលសម្តេចអញ្ជើញបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ផាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង មានប្រវែង១៩៨គីឡូម៉ែត្រ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ៥៥ ដែលតភ្ផាប់ពីខេត្តពោធិ៍សាត់ ទៅព្រំដែនឃុំថ្មដា ជាប់ប្រទេសថៃ មានប្រវែង១៨២គីឡូម៉ែត្រ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ ។
លោក ហួន ស៊ីថា បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ រួមមាន៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់, អគារទីចាត់ការចំនួន ១ខ្នង និងបណ្ណាល័យ ៣បន្ទប់, អគារអន្តេវាសិកដ្ឋាន សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន២០បន្ទប់, ក្លោងទ្វារ, តារាងបាល់ទះ, តារាងបាល់បោះ, របងព័ទ្ធជុំវិញ, ដងទង់ជាតិ១, ចាក់ផ្លូវបេតុងក្នុងទីធ្លាសាលា ។ សមិទ្ធផលទាំងនេះ បានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរ អ្នកគ្រូ លី រីណា ជាគ្រូបង្រៀនគណិតវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានមកបង្រៀន នៅវិទ្យាល័យនេះចំនួន ៣ឆ្នាំមកហើយ ដោយមកពីទីរួមខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន អ្នកគ្រូ ស្នាក់នៅអន្តេរវាសិកដ្ឋាន ។ ចំពោះសាលានេះ មិនកើតមានករណីក្មេងទំនើងនោះទេ គ្រាន់តែមានសិស្សខ្លះ រៀនខ្សោយ និងរៀនពូកែប៉ុណ្ណោះ ។ អ្នកគ្រូ ថា ការស្នាក់នៅ មានផាសុខភាពល្អ បន្ទប់ស្អាត និងធំទូលាយ ។
អ្នកគ្រូ ក៏បានគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានរៀបចំអគារអន្តេវាសិកដ្ឋាន សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សដែលមកពីឆ្ងាយ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ឲ្យបន្តការសាងសង់អគារសិក្សា ក៏ដូចជាអន្តេវាសិកដ្ឋាន ដើម្បីលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាបន្ថែមទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ












