សមយុទ្ធនាគមាស លើកទី៧ កម្ពុជា-ចិន បើកដំណើរការជាផ្លូវការ នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការីសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបើកសមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការចូលរួមពីសំណាក់ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ប្រមាណ ២ ០០០នាក់ នៅទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។

កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្វើសមយុទ្ធនាគមាស ២០២៥ រួមគ្នា រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ១៤-២៨ ខែឧសភា នៅ ក្នុងខេត្តកំពង់ឆ្នាំ និងខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស លើកទី៧ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ខណៈសមយុទ្ធទី១ ធ្វើនៅលើគោក និងលើអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធទី២ ធ្វើនៅលើផ្ទៃសមុទ្រ និងដែនអាកាស នៃខេត្តព្រះសីហនុ ។

សមយុទ្ធនេះ មានគោលដៅអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនកិច្ចសន្តិសុខ និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ សមយុទ្ធនេះ មានកងទ័ពកម្ពុជា ចូលរួមប្រមាណជាង ១ពាន់ ៣០០នាក់ និងកងទ័ពចិនជាង ៨០០នាក់។
 
នៅក្នុងប្រតិបត្តិការសមយុទ្ធនេះ គ្រឿងសព្វាវុធដែលភាគីកម្ពុជា ប្រើប្រាស់ រួមមាន៖ កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ដោយឡែកភាគីចិន ប្រើកាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល បរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត ។

គិតត្រឹមឆ្នាំ២០២៤ កងទ័ពកម្ពុជា ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន ៦លើក ចាប់ពីឆ្នាំ ២០១៦មក។ ការធ្វើសមយុទ្ធ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះ មានសមយុទ្ធនាគមាស និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា ទេវតាសន្តិភាព-ឆ្នាំ២០២៣ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner