ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគទី៣

កំពង់ស្ពឺ៖នៅទីបញ្ជាការដ្ឋានយោធភូមិភាគ៣ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥មានរៀបចំ​ពិធីប្រកាស​តែងតាំង ផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៣ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​ជើងគោក  ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេ​បញ្ជាការ​យោធភូមិភាគទី៣ ។

សូមជម្រាបថា ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ត្រូវបានតែងតាំងជាមេបញ្ជាការរង នាយសេនាធិការនៃយោធភូមិភាគទី៣ ជំនួសឧត្តមសេនីយ៍ទោ សំ សំអាត ដែលត្រូវបានដាក់ចូលជាយោធិនពិការ ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កម្លាំងយោធ​ភូមិភាគ៣​តភ្ជាប់ព្រំដែនដ៏សំខាន់​ជាប់​ប្រទេសវៀតណាម-ថៃ ។កត្តាភូមិសាស្ត្រ​នេះទាមទាឱ្យមានកិច្ចសហប្រតិបត្តិការល្អ តែក៏ត្រូវរក្សាការពារបូរណ​ទឹកដី ដែលផ្សាភ្ជាប់ទៅសន្តិភាពជាគោលតែរក្សាឱ្យបានភូមិសាស្ត្រដ៏រឹងមាំ។ សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ ឱ្យបានល្អប្រសើរ ពង្រឹងកិច្ច​សហប្រតិបត្តិការ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាឱ្យបាន នូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំលឹកទៀតថា កងទ័ព​ត្រូវចូលរួម​ឱ្យកាន់តែ​សកម្មបង្ក្រាបរាល់​ការរំលោភ​យកដីធ្លី​របស់រដ្ឋ និងការកាប់​បំផ្លាញព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទជាដើម៕
ដោយ៖ ម៉ុន សំអាត

ads banner