ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៣
កំពង់ស្ពឺ៖នៅទីបញ្ជាការដ្ឋានយោធភូមិភាគ៣ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥មានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៣ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ។
សូមជម្រាបថា ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ត្រូវបានតែងតាំងជាមេបញ្ជាការរង នាយសេនាធិការនៃយោធភូមិភាគទី៣ ជំនួសឧត្តមសេនីយ៍ទោ សំ សំអាត ដែលត្រូវបានដាក់ចូលជាយោធិនពិការ ។
ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កម្លាំងយោធភូមិភាគ៣តភ្ជាប់ព្រំដែនដ៏សំខាន់ជាប់ប្រទេសវៀតណាម-ថៃ ។កត្តាភូមិសាស្ត្រនេះទាមទាឱ្យមានកិច្ចសហប្រតិបត្តិការល្អ តែក៏ត្រូវរក្សាការពារបូរណទឹកដី ដែលផ្សាភ្ជាប់ទៅសន្តិភាពជាគោលតែរក្សាឱ្យបានភូមិសាស្ត្រដ៏រឹងមាំ។ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបានល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាឱ្យបាន នូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានក្រើនរំលឹកទៀតថា កងទ័ពត្រូវចូលរួមឱ្យកាន់តែសកម្មបង្ក្រាបរាល់ការរំលោភយកដីធ្លីរបស់រដ្ឋ និងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទជាដើម៕
ដោយ៖ ម៉ុន សំអាត