ប្រធានាធិបតីថ្មីរបស់រ៉ូម៉ានីប្រកាសបន្តគាំទ្រអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតីនៃប្រទេស រ៉ូម៉ានី ដែលទើបជាប់ឆ្នោតថ្មី បានប្រកាសថា លោកនឹងបន្តគាំទ្រអ៊ុយក្រែន ដែលនៅជិតខាង កំពុងជាប់ដៃ ធ្វើសង្គ្រាមជាមួយប្រទេស រុស្ស៊ី។ រ៉ូម៉ានី គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។
លោក Nicusor Dan បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស នៅប៉ុន្មានម៉ោង បន្ទាប់ពីលោកបានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ លោក Nicusor Dan ដែលធ្លាប់ធ្វើជាអភិបាលរដ្ឋធានី Bucharest បានឈ្នះការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយបានផ្តួលអ្នកជាតិនិយម George Simion នៅក្នុងការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ សម្រាប់ទិសដៅរបស់ អឺរ៉ុប និងរដ្ឋសមាជិក ណាតូ។
ប្រធានសហភាពអឺរ៉ុប ប្រកាសអបអរសាទរលោក Dan ដោយបានប្តេជ្ញាថា ការណ៍នេះ នឹងជួយធ្វើការឆ្ពោះទៅរក “អឺរ៉ុបដ៏រឹងមាំ” ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានអបអរសាទរលោក Dan ដែរ ដោយនិយាយថា «មានសារៈសំខាន់ក្នុងការមានប្រទេសរ៉ូម៉ានីជាដៃគូ ដែលអាចទុកចិត្តបាន»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត