អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។
ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តម បានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលេីការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត ។
ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។
ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។
សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែក កសាងធនធានមនុស្ស ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតី គូសបញ្ជាក់ថា កម្ពុជានិង UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេច ក៏បានបញ្ជាក់ពីទិសដៅ នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE ។
សម្តេចបវរធិបតី លើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។
សម្តេចបវរធិបតី បានបង្ហាញនូវជំនឿជឿជាក់ថាតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ