បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននៅជំរុំកងទ័ពសូម៉ាលី

ម៉ូហ្គាឌីស៊ូ ៖ អាជ្ញាធរសូម៉ាលី និងសាក្សីនិយាយថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលគេសង្ស័យថា មកពីក្រុមសកម្មប្រយុទ្ធ Al-Shabab បានវាយប្រហារមជ្ឈមណ្ឌលជ្រើសរើសកងទ័ពក្នុងទីក្រុងម៉ូហ្គាឌីស៊ូ កាលពីថ្ងៃអាទិត្យ។

ក្រសួងព័ត៌មានសូម៉ាលីនិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលក្លែងខ្លួនជាជនស៊ីវិល បានបំផ្ទុះគ្រឿងផ្ទុះនៅខាងក្រៅជំរុំ Xero Damaayo នៅភាគខាងត្បូងទីក្រុងម៉ូហ្គាឌីស៊ូ នៅម៉ោង ៩និង២០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។

ភ្លាមៗ កងកម្លាំងសន្តិសុខសូម៉ាលីបានទៅដល់
ទីតាំងកើតហេតុ និងបានបើកការស៊ើបអង្កេតបន្ទាន់។ ទន្ទឹមគ្នា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ។

សូម៉ាលីសូម៉ាលីបានរងការវាយប្រហារសាជាថ្មី ដោយ ក្រុមសកម្មប្រយុទ្ធ Al-Shabab ក្នុង រយៈពេល ប៉ុន្មាន ខែ ថ្មីៗ នេះ។ ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលសូម៉ាលី បានបង្កើនយុទ្ធនាការរបស់ខ្លួននៅក្នុងប្រទេសក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុមួយនេះ។

តួយ៉ាង កាលពីខែមីនា ក្រុម Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកលើក្បួនរថយន្តប្រធានាធិបតីនៅទីក្រុងម៉ូហ្គាឌីស៊ូ ហើយនៅក្នុងខែមេសា ពួកសកម្មប្រយុទ្ធនេះក៏បានបាញ់គ្រាប់កាំភ្លើងត្បាល់វាយប្រហារនៅជិតអាកាសយានដ្ឋានរបស់រដ្ឋធានីសូម៉ាលីផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner