អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា​តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner