កម្ពុជាស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើក​ឡើង​ថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់​ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈ​ចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីបើកវេទិកាស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកប​ដោយ​ចីរភាព» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ហើយក៏មានការ​ចូល​រួម​ពី តំណាងក្រសួងស្ថាប័ន អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថាន​សិក្សា សហគមន៍មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសសិ្ស-និស្សិត សរុបប្រមាណជាង១៦០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជាកំពុងបោះជំហាន​យ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថាន​ជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់​សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ដូចជា ការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នង​ផ្សារ។

តំណាងមូលនិធិបរិស្ថានសកល​​(GEF) បានវាយតម្លៃខ្ពស់ចំពោះ​ការ​អនុវត្ត​របស់កម្ពុជាលើការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាម​យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

កម្ពុជា ក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ , របាយការណ៍ជាតិ២ឆ្នាំម្តងជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ, ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយ​ឧស្ម័ន​មេតានកម្ពុជាជូនUNFCCC, និងបានកំពុងរៀបចំផែនការជាតិ​រួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាល​ទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការ​សកម្មជាតិស្តីពីជីវៈចម្រុះ។

គួរបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្រោមកិច្ចសហការ​រវាង​ក្រសួង​បរិស្ថាន ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តាម​រយៈគម្រោង INRM ក្នុងគោលបំណងចែករំលែកព័ត៌មាន និង​បទពិសោធការងារ រួមទាំងគំរូនៃលទ្ធផលការងារពាក់ព័ន្ធនឹង​ការ​បញ្ជ្រាបការគ្រប់គ្រងតំបន់ទេសភាពដើម្បីគាំទ្រដល់ការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិនិងជីវៈចម្រុះប្រកបដោយនិរន្តរភាព រួមទាំងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ជាពិសេស​គឺតំបន់ប្រព័ន្ធតំបន់ការពារធម្មជាតិភាគខាងជើងបឹងទន្លេសាប។

វេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ ដោយចែកចេញជា៤ប្រធានបទគឺ៖ ១)ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ និងការប្រើប្រាស់​ធនធានជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ទេសការពារទេសភាពខាងជើងប្រទេសកម្ពុជា ។

២)ការរៀបការរៀបចំគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពតាមយៈ ការៀបចំយន្តការអនុវត្តសាកល្បងការបង់ថ្លៃ​សេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅកម្ពុជា ។

៣)ជំរុញការរស់នៅប្រកបដោយសុខដុមរមនីយកម្មជាមួយធម្មជាតិតាមរយៈលើការកកម្ពស់វិធីសាស្រ្តផ្អែកលើតំបន់ការពារទេសភាព និងការបញ្ជ្រាបចូលក្នុងផែនការអភិវឌ្ឍន៍ និងវិនិយោគរបស់ ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ និង ៤)ការបញ្ជ្រាបយេនឌ័រ​ទៅក្នុង​ការគ្រប់គ្រងធនធានធម្មជាតិ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner