កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការ​ងារជាមួយ លោក Cameron Baker ប្រធានគណៈកម្មការជំនាញ​​នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញ​ដល់​យុវជនកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋ​មន្ត្រី ហេង សួរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់​ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយយកចិត្ត​ទុក​ដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីឆ្លើយ​តប​ទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តា​នុពលនៅ​កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរ​ជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅ​កម្ពុជា​ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការ​ទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេក​វិទ្យានៅលើសកល​លោក​ផងដែរ»។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាព​ស្និទ្ធ​ស្នាល ភាគីទាំងពីរបានលើក​ឡើង​អំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ជាមួយ​រដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការ​បណ្ដុះបណ្ដាលជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងការបង្កើនផលិតភាពដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការកសាងសមត្ថភាពជន​បង្គោលលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំង​ការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិត​កម្ពុជាដើម្បី​ដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។

លោក Cameron Baker បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីបន្ថែមទៀត ដើម្បីចូលរួម​ជាមួយ​រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

ឯកឧត្តមរដ្ឋមន្រ្តី និងលោក Cameron Baker បានកោតសរសើរ​ចំពោះ​ទំនាក់ទំនងកម្ពុជា និងអូស្រ្តាលី ដែលបានគាំទ្រគ្នាទៅវិញទៅ​មក​ជា​ច្រើនឆ្នាំមកហើយ ខណៈដែលភាគីទាំងពីរបានប្ដេជ្ញាបង្កើនកិច្ច​សហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner