ក្រុមហ៊ុន Trump ជះ១.៥ពាន់លានដុល្លារ សង់ទីលានវាយកូនហ្គោលនៅវៀតណាម អំឡុងការចរចាពន្ធ

ក្រុមហ៊ុន The Trump Organization ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ លោកប្រធានាធិបតីអាមេរិក Donald Trump នោះ បានជះលុយ ១.៥ពាន់លានដុល្លារអាមេរិក សាងសង់ ទីលានវាយកូនហ្គោល នៅក្នុងប្រទេសវៀតណាម ខណៈដែលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងព្យាយាមចរចា ស្វែងរកការបន្ធូរបន្ថយពន្ធ ពីរដ្ឋាភិបាល ក្រុងវ៉ាស៊ីងតោន។

ទីភ្នាក់ងារព័ត៌មាន Yahoo បានចុះផ្សាយ កាលពីចុងសប្តាហ៍ថា ការវិនិយោគ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់វៀតណាម Kinhbac City រួមមាន ទីលានវាយកូនហ្គោល ព្រមទាំង អគារលំនៅដ្ឋានប្រណីតៗ ដែលនឹងក្លាយជាការអភិវឌ្ឍន៍ដ៏ធំបំផុត របស់ The Trump Organization នៅអាស៊ីបូព៌ា។ គម្រោងនេះ គ្របដណ្តប់ លើផ្ទៃដីជិត ២,៥០០ហិចតា នៅភាគខាងជើងប្រទេសវៀតណាម ដោយគ្រោងនឹងមានតំបន់ពាណិជ្ជកម្ម រមណីយដ្ឋាន និង ទីតាំងបៃតង ផ្សេងៗទៀត ផងដែរ។

យោងតាម ទីភ្នាក់ងារព័ត៌មាន VN Express បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគនេះ កាលពីដើមខែឧសភា ហើយគ្រោងនឹងបើកដំណើរការសាងសង់ ជាផ្លូវការ នៅឆ្នាំ២០២៥នេះ។

ទោះបីជាគម្រោងនេះ ត្រូវបានគេកំណត់ថា ជាការវិនិយោគឯកជនក៏ដោយ លោក Trump ធ្លាប់បានសរសើរ រដ្ឋាភិបាលបរទេសណា ដែលគាំទ្រការបណ្តាក់ទុនអាជីវកម្ម របស់លោក។

វៀតណាមបានអនុម័តគម្រោងរមណីយដ្ឋានវាយកូនហ្គោលរបស់ The Trump Organization ក្នុងពេលដែលសហរដ្ឋអាមេរិកបានបង្កើនសម្ពាធ លើអតិរេកពាណិជ្ជកម្ម របស់វៀតណាម។

ក្នុងសង្គ្រាមពន្ធគយថ្មី អាមេរិកបានសម្រេចបង្កើនពន្ធលើទំនិញនាំចូល ពីវៀតណាម ៤៦ភាគរយ។ ឆ្លើយតបនឹងបញ្ហានេះ វៀតណាម ក៏ដូចជា ប្រទេសផ្សេងៗទៀត កំពុងចរចា ស្វែងរកការបន្ធូយបន្ថយពន្ធ ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែមេសា ខណៈដែល សុពលភាពចរចា នឹងអស់ ត្រឹមខែកក្កដា ខាងមុខនេះ៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner