កិច្ចសន្ទនាត្រាំ-ពូទីន មានវឌ្ឍនភាពល្អ

បរទេស៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា «វឌ្ឍនភាព» កំពុងត្រូវបានបង្កើតឡើង បន្ទាប់ពីបានជួបសន្ទនា តាមទូរស័ព្ទ ជាមួយ លោក ពូទីន មេដឹកនាំរុស្ស៊ី។

លោក Trump បាននិយាយ បែបនេះ នៅឯសេតវិមាន ក្នុងអំឡុងពេលអាហារពេលល្ងាច របស់សមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល Kennedy កាលពីថ្ងៃចន្ទ ពោល គឺក្រោយពេលមេដឹកនាំទាំងពីរនិយាយគ្នា តាមទូរស័ព្ទ ប្រមាណ ២ម៉ោង។

លោក Donald Trump បាននិយាយថា លោកមាន «ការពិភាក្សាដ៏ល្អ» ជាមួយប្រធានាធិបតីរុស្ស៊ី ដោយបន្ថែមថា «វឌ្ឍនភាពកំពុងត្រូវបានបង្កើតឡើង» ឆ្ពោះទៅរកការសម្រេចបាន បទឈប់បាញ់ ក្នុងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។

លោកថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាសន្តិភាព «ភ្លាមៗ» បើទោះបីជាមេដឹកនាំរុស្ស៊ី ច្រានចោលការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ដែលចង់ឱ្យមានបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ក៏ដោយ។

លោក Trump បានចាត់ទុកការសន្ទនា រយៈពេលពីរម៉ោងថា ជារបកគំហើញមួយ ក្នុងការស្វែងរកកិច្ចព្រមព្រៀងដ៏ពិបាកដើម្បីបញ្ចប់ជម្លោះ ដែលលោកធ្លាប់បានសន្យា ដោះស្រាយ ត្រឹម២៤ម៉ោង។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ថា «ខ្ញុំបានអរគុណ ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រ ក្នុងការបន្តការចរចា ដោយផ្ទាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន ទាក់ទងនឹងការសម្រេចឲ្យមាន កិច្ចព្រមព្រៀងសន្តិភាព»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner