ឯកឧត្តម សុខ ពុទ្ធិវុធ ចាត់ទុកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានចាត់ទុកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ ឯកឧត្តមសុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ។ ទោះបីការប្រកួតមានឈ្នះ-ចាញ់ ក៏ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យពួកគេបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសសម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ។

ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍បន្តថា ការរៀបចំឲ្យមានការប្រកួតលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណាខិតខំតស៊ូហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា» ។

ជាមួយគ្នានេះ កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម Production Optic ( 4 Stages) បានសម្ដែងការសប្បាយរីយករាជាខ្លាំង ចំពោះកំណើនអ្នកចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ម្ចាស់មេដាយមាសរូបនេះ បន្ដថា «ការប្រកួតថ្នាក់ជាតិនេះ ពិតជាសំខាន់ ព្រោះប្រមូលផ្ដុំដោយកីឡាករខ្លាំងៗមកធ្វើការប្រកួត ហើយពេលយើងបានឈ្នះលេខ១ សបញ្ជាក់ពីសមត្ថភាពរបស់យើង និងជំរុញឲ្យយើងកាន់តែខំប្រឹង ដើម្បីឈានទៅរកការប្រកួតប្រជែងមួយថ្មីទៀត គឺការប្រកួតអន្ដរជាតិ នៅថ្ងៃអនាគត ពិសេសស៊ីហ្គេម នៅថៃចុងឆ្នាំនេះ» ។

សូមបញ្ជាក់ដែរថា ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែឧសភា ដែលមានកីឡាករ កីឡាការិនីចូលរួមសរុប ៤៤នាក់ ប្រកួតលើ ៤ រួមមាន៖ វិញ្ញាសា កាំភ្លើងវែងខ្យល់ 10 ម៉ែត្រ, វិញ្ញាសា កាំភ្លើងវែងជំហរ បី ប្រវែង 10 ម៉ែត្រ , វិញ្ញាសា បាញ់ប្រតិកម្ម Standard (4 Stages) និង វិញ្ញាសា បាញ់ប្រតិកម្ម Production Optic (4 Stages) ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner