សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក
គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!
ភ្នំពេញ ៖ សហគ្រិនខ្មែរ និងផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយ ក្នុងការប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអុីអនភ្នំពេញ, សែនសុខ និងមានជ័យ។
ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអុីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាងក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង។”
លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ “ពិព័រណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសជាច្រើន ដោយគិតចាប់តាំងពីឆ្នាំ២០២១មកនេះ ជាលើកទី៩ហើយ ដែលផ្សារទំនើបអុីអនបានសហការជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ហើយឆ្នាំនេះផងដែរ ផ្សារទំនើបអុីអនបានពង្រីកការដាក់តាំងលក់ឱ្យកាន់តែធំ និងច្រើនជាងឆ្នាំមុនៗ ទៅទៀត នៅក្នុងផ្សារទាំង៣សាខារបស់យើង។”
សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ៕






អត្ថបទ ៖ ឈឹម ទីណា