សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។
រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន ដោយរោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការរោងចក្រថ្មី ដែលជារោងចក្រទី២ របស់ក្រុមហ៊ុនខនស៍នេះ (រោងចក្រទី១ ស្ថិតនៅខេត្តបាត់ដំបង) បានផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែ ច្រើនថែមទៀត និងមានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង។ សម្តេច ថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងត៍ បានជាងពីរលានតោនក្នុងមួយឆ្នាំៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ ។
សម្តេចធិបតី បានថ្លែងកោតសរសើរ និងអរគុណចំពោះក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងការសម្រេចបានសមិទ្ធផល ក្នុងការសាងសង់រោងចក្រ ផលិតស៊ីម៉ងត៍ថ្មីមួយទៀត ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងមោទនភាពដោយលើកឡើងថា ពីមុនកម្ពុជា បាននាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស ១០០ភាគរយ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា បានប្រែក្លាយជាប្រទេសផលិត និងនាំចេញស៊ីម៉ងត៍ ទៅក្រៅប្រទេសថែមទៀតផង ។ សម្តេច ថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ហើយ ដោយបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង ហើយអាចផលិតស៊ីម៉ងត៍ បានរាប់លានតោនក្នុងមួយឆ្នាំៗ ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ចាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព ខណៈពាក្យ «សន្តិភាព» នេះ គឺសំខាន់បំផុត ត្រូវតែថែរក្សាឱ្យខាងតែបាន ចង់អ្នកណាធុញនូវការដែលយើងនិយាយពាក្យនេះ បណ្តោយឱ្យគេធុញទៅចុះ វាជារឿងរបស់គេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល ៣ថ្ងៃចុងក្រោយនេះ សម្ដេច បានអញ្ជើញសម្ពោធសមិទ្ធផលចំនួនពីរ ដោយក្នុងនោះ គឺសាលារៀននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពង់ស្ពឺ ខណៈពីអតីតកាល កន្លែងទាំងនេះ ធ្លាប់តែជាកន្លែងសមរភូមិសង្គ្រាមប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកម្លាំងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កន្លែងដ៏ក្តៅគគុងទាំងពីរនេះ បានប្រែក្លាយជាកន្លែងមានការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសហគ្រាស សាលារៀន មន្ទីរពេទ្យកាន់តែច្រើនទៅៗ ដោយសារតែមនុញ្ញផលនៃសុខសន្តិភាព និងជាស្នួននៃនយោ បាយឈ្នះ ឈ្នះ របស់ស្ថាបនិកឯកនៃសន្តិភាព ៕








អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ