លោក Trump រងការចោទប្រកាន់ពីបទរំលោភច្បាប់មនុស្សធម៌អន្តរជាតិ
ឌូបៃ ៖ ក្រុមសិទ្ធិមនុស្សនៃអង្គការលើកលែងទោសអន្តរជាតិ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ស៊ើបអង្កេតការរំលោភច្បាប់អន្តរជាតិ ជុំវិញការវាយប្រហារដ៏សាហាវលើទីតាំងឃុំឃាំងជនចំណាកស្រុកនៅក្នុងប្រទេសយេម៉ែនដែលគ្រប់គ្រងដោយក្រុមហ៊ូទី។
អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ លោកស្រី Agnes Callamard និយាយថា អាមេរិកបានវាយប្រហារកន្លែងឃុំឃាំងដ៏ល្បីមួយដែលក្រុមហ៊ូទីប្រើឃុំឃាំងជនចំណាកស្រុក។ ពួកហ៊ូទីបានអះអាងថា អ្នកស្លាប់ទាំង ៦៨នាក់កាលពីខែមុននោះ គឺជាជនចំណាកស្រុកមកពីប្រទេសអាហ្វ្រិក។
លោកស្រីបានសង្កត់ធ្ងន់ថា ការបាត់បង់ជីវិតជនស៊ីវិលដ៏ធំនៅក្នុងការវាយប្រហារនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ថាតើអាមេរិកបានគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិដែរឬទេ។ ដូច្នេះអាមេរិកត្រូវតែធ្វើការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ និងមានតម្លាភាពចំពោះការវាយប្រហារតាមអាកាសនេះ។
អាជ្ញាធរឧទ្ទាមបាននិយាយនៅពេលនោះថា ការវាយប្រហារកាលពីខែមុន ដែលបានជំរុញឱ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិ និងជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកប្រឆាំងនឹងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានសម្លាប់មនុស្សចំនួន ៦៨នាក់ដែលត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលសម្រាប់ជនចំណាកស្រុកមិនទៀងទាត់ក្នុងទីក្រុងសាអាដា៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា