កសិករ១៣គ្រួសារ ទទួលបានចំណូលច្រើនពីការចិញ្ចឹមសត្វចង្រិត និងកណ្ដូប

កំពង់ធំ៖អាចនិយាយបានថាជាបទពិសោធន៍ និងជាជោគជ័យមួយក្នុងការ​បង្កើតមុខរបរសាមញ្ញបន្ថែមលើការធ្វើកសិកម្ម ដោយចំណាយដើមតិច តែ​ចំណូលច្រើន។នេះជាអ្វីដែលកំពុងកើតឡើងនៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

កសិករចំនួន ១៣ គ្រួសារ រស់នៅឃុំច្រនាង ដែលធ្លាប់តែធ្វើស្រែមួយមុខ បាន​ជ្រើស​យក​ការចិញ្ចឹមសត្វចង្រិត និងកណ្តូប​ធ្វើជា​មុខរបរបន្ថែមដែលអាចរក​ចំណូល​បានជាមធ្យមពី ១លានរៀល ទៅ ១,២លាន​រៀលក្នុងមួយខែ ។ប្រាក់ចំណូល នេះ បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យ​កាន់តែប្រសើរឡើងៗ។

ជាការស្វែងយល់ និងលើកទឹកចិត្តទៅដល់កសិករដទៃទៀត , កាលពីចុងសប្ដាហ៍​កន្លងទៅ លោក ហាក់ ម៉ុងហួត អភិបាល​ស្រុកតាំងគោក និងមន្រ្តីក្រុមការងារ​បានអញ្ជើញទៅពិនិត្យសកម្មភាពចិញ្ចឹមសត្វចង្រិត និងកណ្ដូបរបស់កសិករ​ទាំង១៣គ្រួសារដល់ទីកន្លែង ។

លោកស្រី ឆោម ស្រីរ័ត្ន រស់នៅភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ដែលជា​កសិករចិញ្ចឹមចង្រិត និងកណ្ដូបក្នុងចំណោមកសិករទាំង១៣ គ្រួសារ​បានអះអាងថា ការចិញ្ចឹមចង្រិត និងកណ្តូបមិនមានភាពលំបាកនោះទេ គ្រាន់តែផ្តល់ចំណី​ឱ្យ​គ្រប់គ្រាន់ និងថែទាំឱ្យបានត្រឹមត្រូវ វានឹងធំលឿន អាចលក់បានក្នុងរយៈពេលខ្លី។

លោកស្រីបន្ថែមថា ការចិញ្ចឹមនៅផ្ទះបែបគ្រួសារ មិនមែនជាកសិដ្ឋានធំៗនោះ ងាយស្រួលទេ ចំណាយដើមក៏មិនច្រើន​ដែរ តែអាចបង្កើតចំណូល​សម្រាប់​គ្រួសារបានគួរសម។បច្ចុប្បន្នតម្លៃលក់ចង្រិតរស់ ចន្លោះពីមួយម៉ឺន ទៅ ១២ ០០០ រៀល​ក្នុង​មួយគីឡូក្រាម ។ចំណែកកណ្តូបវិញតម្លៃពី ៣០ ០០០ ទៅ ៣៥ ០០០ រៀលក្នុងមួយគីឡូក្រាម។ ជាមធ្យមលោកស្រីអាច​រក​ចំណូលបានពី ១លានដល់ ១,២លានរៀលក្នុងមួយខែ។

ដោយទឹកមុខញញឹមញញែម លោកស្រីរីករាយចំពោះផលដែលលោក​ស្រី​បានទទួល ហើយក៏មិនកំណាញ់នឹងធ្វើការចែករំលែកទៅកាន់​កសិករ​ដទៃ​ទៀត ដែលចង់ចាប់យកមុខរបរនេះដែរ ។

ឃើញផ្ទាល់នូវអ្វីដែលកសិករទាំង១៣គ្រួសារបាន និងកំពុងធ្វើ​លោក​អភិបាលស្រុក​បានលើកទឹកចិត្ត​ប្រជាជនឱ្យបន្ត​ពង្រីកការចិញ្ចឹម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាព។លោកក៏ណែនាំដល់​អាជ្ញាធរឃុំឱ្យជួយសហការ​ និងដោះ​ស្រាយបញ្ហាណាដែលអាចកើតមាន ដើម្បីឱ្យសកម្មភាពចិញ្ចឹមសត្វនេះ អាចបន្តរីកចម្រើនថែមទៀត៕


ដោយ៖​ប៊ុន​រដ្ឋា

ads banner