កសិករ១៣គ្រួសារ ទទួលបានចំណូលច្រើនពីការចិញ្ចឹមសត្វចង្រិត និងកណ្ដូប
កំពង់ធំ៖អាចនិយាយបានថាជាបទពិសោធន៍ និងជាជោគជ័យមួយក្នុងការបង្កើតមុខរបរសាមញ្ញបន្ថែមលើការធ្វើកសិកម្ម ដោយចំណាយដើមតិច តែចំណូលច្រើន។នេះជាអ្វីដែលកំពុងកើតឡើងនៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
កសិករចំនួន ១៣ គ្រួសារ រស់នៅឃុំច្រនាង ដែលធ្លាប់តែធ្វើស្រែមួយមុខ បានជ្រើសយកការចិញ្ចឹមសត្វចង្រិត និងកណ្តូបធ្វើជាមុខរបរបន្ថែមដែលអាចរកចំណូលបានជាមធ្យមពី ១លានរៀល ទៅ ១,២លានរៀលក្នុងមួយខែ ។ប្រាក់ចំណូល នេះ បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងៗ។
ជាការស្វែងយល់ និងលើកទឹកចិត្តទៅដល់កសិករដទៃទៀត , កាលពីចុងសប្ដាហ៍កន្លងទៅ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមន្រ្តីក្រុមការងារបានអញ្ជើញទៅពិនិត្យសកម្មភាពចិញ្ចឹមសត្វចង្រិត និងកណ្ដូបរបស់កសិករទាំង១៣គ្រួសារដល់ទីកន្លែង ។
លោកស្រី ឆោម ស្រីរ័ត្ន រស់នៅភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ដែលជាកសិករចិញ្ចឹមចង្រិត និងកណ្ដូបក្នុងចំណោមកសិករទាំង១៣ គ្រួសារបានអះអាងថា ការចិញ្ចឹមចង្រិត និងកណ្តូបមិនមានភាពលំបាកនោះទេ គ្រាន់តែផ្តល់ចំណីឱ្យគ្រប់គ្រាន់ និងថែទាំឱ្យបានត្រឹមត្រូវ វានឹងធំលឿន អាចលក់បានក្នុងរយៈពេលខ្លី។
លោកស្រីបន្ថែមថា ការចិញ្ចឹមនៅផ្ទះបែបគ្រួសារ មិនមែនជាកសិដ្ឋានធំៗនោះ ងាយស្រួលទេ ចំណាយដើមក៏មិនច្រើនដែរ តែអាចបង្កើតចំណូលសម្រាប់គ្រួសារបានគួរសម។បច្ចុប្បន្នតម្លៃលក់ចង្រិតរស់ ចន្លោះពីមួយម៉ឺន ទៅ ១២ ០០០ រៀលក្នុងមួយគីឡូក្រាម ។ចំណែកកណ្តូបវិញតម្លៃពី ៣០ ០០០ ទៅ ៣៥ ០០០ រៀលក្នុងមួយគីឡូក្រាម។ ជាមធ្យមលោកស្រីអាចរកចំណូលបានពី ១លានដល់ ១,២លានរៀលក្នុងមួយខែ។
ដោយទឹកមុខញញឹមញញែម លោកស្រីរីករាយចំពោះផលដែលលោកស្រីបានទទួល ហើយក៏មិនកំណាញ់នឹងធ្វើការចែករំលែកទៅកាន់កសិករដទៃទៀត ដែលចង់ចាប់យកមុខរបរនេះដែរ ។
ឃើញផ្ទាល់នូវអ្វីដែលកសិករទាំង១៣គ្រួសារបាន និងកំពុងធ្វើលោកអភិបាលស្រុកបានលើកទឹកចិត្តប្រជាជនឱ្យបន្តពង្រីកការចិញ្ចឹម ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនជីវភាព។លោកក៏ណែនាំដល់អាជ្ញាធរឃុំឱ្យជួយសហការ និងដោះស្រាយបញ្ហាណាដែលអាចកើតមាន ដើម្បីឱ្យសកម្មភាពចិញ្ចឹមសត្វនេះ អាចបន្តរីកចម្រើនថែមទៀត៕




ដោយ៖ប៊ុនរដ្ឋា